បំផ្ទុះដ៏ធំមួយ វាយប្រហារលើវិហារអីស្លាមនៅទីក្រុង Kabul បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់
KABUL ៖ សារព័ត៌មានReuters បានចេញផ្សាយថា សាក្សី និងនគរបាលបាននិយាយថា កាលពីល្ងាចថ្ងៃពុធ មានការបំផ្ទុះដ៏ធំមួយបានវាយប្រហារលើវិហារអីស្លាមមួយក្នុងទីក្រុង Kabul អំឡុងពេលអធិស្ឋាន ដោយបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។
នគរបាលបាននិយាយថា មានមនុស្សស្លាប់ និងរងរបួសមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួននោះទេ ។ មន្ត្រីស៊ើបការណ៍សម្ងាត់តាលីបង់ម្នាក់បានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា មនុស្សចំនួន ៣៥នាក់ប្រហែលជាស្លាប់ ឬរងរបួស ហើយចំនួននោះអាចកើនឡើងបន្ថែមទៀតផងដែរ។ សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីមន្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានបញ្ជាក់ថា មានមនុស្សចំនួន ២០នាក់បានស្លាប់។
មន្ទីរពេទ្យសង្គ្រោះបន្ទាន់នៃទីក្រុង Kabul បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ពួកគេបានទទួលអ្នកជំងឺចំនួន ២៧នាក់ ដែលរងរបួសនៅក្នុងការបំផ្ទុះនេះ រួមទាំងកុមារអាយុ ០៧ឆ្នាំម្នាក់ផងដែរ។
សាក្សីបានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា ការបំផ្ទុះដ៏ខ្លាំងនេះត្រូវបានកើតឡើងនៅក្នុងសង្កាត់ភាគខាងជើងទីក្រុង Kabul ដោយបានបំបែកបង្អួចនៅក្នុងអគារដែលស្ថិតនៅក្បែរនោះ។ ហើយរថយន្តសង្គ្រោះបានទៅកាន់កន្លែងកើតហេតុជាបន្ទាន់ដើម្បីជួយសង្គ្រោះ ៕