គណបក្សកាន់អំណាច របស់ប្រទេសស្រីលង្កា ស្នើឲ្យប្រធានាធិបតីថ្មី ជួយដល់ការត្រឡប់ចូលប្រទេសវិញ របស់អតីតមេដឹកនាំលោក Rajapaksa
COLOMBO៖ សារព័ត៌មានReutersចេញផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីម្នាក់បាននិយាយថា គណបក្សកាន់អំណាចរបស់ប្រទេសស្រីលង្កាបានស្នើឲ្យប្រធានាធិបតីថ្មីរបស់ប្រទេសនេះផ្តល់នូវសុវត្ថិភាព និងជំនួយផ្សេងទៀតសម្រាប់អតីតប្រធានាធិបតីដែលបានភៀសខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍កាលពីខែមុនបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
កាលពីខែមុន លោក Gotabaya Rajapaksa បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងបានលាឈប់ពីតំណែងជាប្រធានាធិបតីស្រីលង្កា ដោយបើកផ្លូវឲ្យអ្នកនយោបាយជើងចាស់លោក Ranil Wickremesinghe ឈ្នះការបោះឆ្នោតនៅក្នុងសភា និងកាន់តំណែងកំពូលនោះ។
លោក Rajapaksa ដែលត្រូវបានចោទប្រកាន់ពីបទចាត់ចែងខុសចំពោះផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ ដោយបណ្តាលឲ្យមានវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ០៧ទសវត្សរ៍ចុងក្រោយនេះ ហើយនាពេលបច្ចុប្បន្ន រូបលោកកំពុងតែស្នាក់នៅជាបណ្តោះអាសន្នក្នុងប្រទេសថៃ។
លោក Sagara Kariyawasam អគ្គលេខាធិការនៃគណបក្សកាន់អំណាច Podujana Peramuna របស់ប្រទេសស្រីលង្កាបាននិយាយថា គណបក្សរបស់គាត់បានទៅជួបលោក Wickremesinghe ដើម្បីសុំជំនួយក្នុងការអនុញ្ញាតឲ្យលោក Rajapaksa ត្រឡប់ចូលប្រទេសវិញ។
លោក Kariyawasam បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងបានស្នើសុំប្រធានាធិបតីជួយសម្រួល និងផ្តល់សុវត្ថិភាព និងមធ្យោបាយចាំបាច់សម្រាប់អតីតប្រធានាធិបតីលោក Gotabaya Rajapaksa ដើម្បីត្រឡប់ចូលប្រទេសវិញ” ៕