លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អំពាវនាវ សូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ អូស្រ្ដាលី ជួយព្យាបាលជំងឺ ជូនពលរដ្ឋ ឲ្យពីសមត្ថភាព នៅ ខេត្តស្វាយរៀង
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអំពាវនាវ សូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ អូស្ដ្រាលី ជួយព្យបាលជំងឺជូនពលរដ្ឋក្រីក្រ នៅខេត្ដស្វាយ រៀង ឲ្យអស់ពីសមត្ថភាព និងមានគុណភាព លោក ស្រីអំពាវនាវ បែបនេះ ខណៈលោកស្រី
បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលមានអ្នកជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែក ក្រុងស្វាយ ខេត្តស្វាយរៀង ព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី
ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយ អង្គការ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវា ជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ ។ ទី២ អង្គការ Eye care Foundation។ ទី៣ អង្គការCHC ទី៤ អង្គការដើមត្នោត និង Marie Stop។ ទី៥ អង្គការOperation Smile និង ទី៦ អង្គការJICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត ។ លោកស្រី
កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដគាំទ្រ ការពារ និងផ្ដល់ឱកាសការលើកទឹកចិត្ដ ដល់វិស័យឯកជន ពិសេស អង្គការ សមាគម ក្រុមហ៊ុន សហគ្រាសធន់តូច និងមធ្យម ដែលបានចំណាយពេលវេលា ជួយដល់ពលរដ្ឋកម្ពុជា ពិសេសអ្នកវិនិយោគទុនផ្សេងៗ ដែលបានជួយលើកសកម្មភាព មនុស្សធម៌នេះតែម្ដង ។
លោកស្រីបានបន្តទៀតថា ៖ សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
លោស្រីក៏បានសំណូមពរឲ្យ លោក ជេក ម៉េងលី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត ដើម្បីជាការឆ្លើយតបតាម សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅខេត្ដស្វាយរៀងនេះផងដែរ ។លោកស្រីម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការ យកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងតម្លាភាព ៕