ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងបង្កើន បច្ចេកទេសត្រៀមស៊ីហ្គេម

138

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុខបញ្ញាលើកឡើងថាក្រុមកីឡាករកីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាកំពុងបង្កើនការហ្វឹកហាត់នៅខេត្តកែប មានចំនួន១៤នាក់ (កីឡាការិនី៥នាក់) ក្រោមការបង្វឹកពីគ្រូបង្វឹក៤នាក់ ក្នុងនោះមានគ្រូបង្វឹកអន្តរជាតិម្នាក់ជាជនជាតិណូវែលសេឡង់។

បន្ទាប់ពីមានការកំណត់ជាគោលការណ៍ផ្លូវការពីក្រុមប្រឹក្សាកីឡាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើប្រភេទកីឡាទ្រីយ៉ាត្លុងមានចំនួន៧វិញ្ញាសានោះសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានសម្រុកបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិកាន់តែមុតស្រួច ដើម្បីត្រៀមប្រជែងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់វិញ្ញាសា អាគ័រត្លុងត្រូវបានដាក់បញ្ជូលក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង ដោយម្ចាស់ ផ្ទះកម្ពុជា ដោយកន្លងមកមិនធ្លាប់ដាក់បញ្ចូលនេះឡើយ។ បំណងនៃការដាក់បញ្ចូលវិញ្ញាសា១បន្ថែមនេះ គឺដើម្បីស្វែងរកឱកាសកាន់តែច្រើន ដើម្បីគោលដៅក្នុងការប្រជែងមេដាយមាស១គ្រឿង ដោយវិញ្ញាសា អាគ័រត្លុងនេះ គឺជាក្តីសង្ឃឹមខ្ពស់ជាងគេ។

៧វិញ្ញាសា ដែលត្រៀមដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មានដូចជា វិញ្ញាសាអាគ័រត្លុង ឯកត្តជនបុរស-នារី ដោយត្រូវហែលទឹក៥០០ម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសាក្រុមអាគ័រត្លុងបុរស២នាក់-នារី២នាក់ មានហែលទឹក៥០០ម៉ែត្រ រត់ចម្ងាយ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជនបុរស រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជននារី រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងចុងក្រោយរត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ទ្រីយ៉ាត្លុង ឯកត្តជនបុរស-នារី ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ។
អគ្គលេខាធិការរូបនេះបានអះអាងថា ចំនួន៧វិញ្ញាសានេះ សមល្មមសម្រាប់កីឡាករ កីឡាការិនីស្របតាម លក្ខណៈបច្ចេកទេស សម្រាប់ការត្រៀមចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាលើកដំបូងនេះ។ លោកបានបន្ថែមថា បើនិយាយពីប្រវត្តិស៊ីហ្គេម ៣២លើក ស្មើនឹង៦៤ឆ្នាំ រួមទាំងស៊ីហ្គេម នៅកម្ពុជាផងនោះ គឺចំនួន៧វិញ្ញាសានេះ ក៏ជាចំនួនច្រើនបំផុតនៃប្រភេទកីឡាទ្រីយ៉ាត្លុងក្នុង ស៊ីហ្គេម កន្លងមក។
ចំនួនវិញ្ញាសា ច្រើនជាងគេចុងក្រោយ គឺមានចំនួន៦ប៉ុណ្ណោះ កាលពីស៊ីហ្គេម លើកទី៣១ នៅប្រទេសហ្វីលីពីន កាលពី ឆ្នាំ២០១៩ ខណៈគោលដៅស៊ីហ្គេម ២០២៣របស់កម្ពុជាមានចំនួនច្រើនជាងគេដែលនេះជាការពង្រីកសក្តានុពលលើប្រភេទកីឡាអូឡាំពិកមួយនេះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំងម្តងនេះ។
ពេលនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបែងចែកច្បាស់លាស់សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដោយកីឡាករ ឬកីឡាការិនីណាត្រូវលេងវិញ្ញាសាណាមួយជាក់ច្បាស់ហើយ ដែលនេះជាគោលដៅចម្បងឱ្យ កីឡាករណាមួយសម្រួចការហ្វឹកហាត់តែទៅលើវិញ្ញាសានោះ ដើម្បីត្រៀមទៅប្រកួតប្រជែងមេដាយឱ្យទទួល បានលទ្ធផលជូនជាតិ។ ជាមួយគ្នានេះ ជាគោលដៅចំពោះមុខ សហព័ន្ធជំនាញមួយនេះគ្រោងនឹងបញ្ចូនកីឡាករមួយចំនួនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេសឱ្យកាន់តែមានសក្តានុពលបន្ថែម។
ចុងខែសីហាឆ្នាំ២០២២ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃនឹងអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តកែប ដែលជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង នាស៊ីហ្គេម ២០២៣។ប្រតិភូកីឡា ទ្រីយ៉ាត្លុងថៃនឹងជួយពិនិត្យលើការរៀបចំរបស់កម្ពុជាដើម្បីឲ្យសមស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។
ជាមួយគ្នានេះក៏នឹងមានកិច្ចប្រជុំមួយដើម្បីស្នើបញ្ជាក់អំពីថាតើពេលណាដែលប្រទេសថៃអាច ទទួលយកក្រុមជម្រើសជាតិកម្ពុជាទៅហ្វឹកហាត់នៅទីនោះបានក្នុងចំនួនប៉ុន្មាននាក់ និងក្នុងរយៈពេលណាមួយច្បាស់លាស់ មុនស៊ីហ្គេម នៅកម្ពុជា ចូលមកដល់។
ចំពោះគោលបំណងសំខាន់របស់កម្ពុជា ក្នុងការបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅទីនោះ គឺមានគូ ប្រជែង មានន័យថា យើងហ្វឹកហាត់ជាមួយកីឡាករ កីឡាការិនីខ្លាំងៗ នោះគុណភាពបច្ចេកទេស របស់យើង ប្រាកដជាកើនឡើងជាក់ជាមិនខាន។
បើហ្វឹកហាត់ក្នុងស្រុកវិញគឺយើងបានដឹងបានស្គាល់ត្រឹមតែសមត្ថភាពគ្នាអស់ហើយៗអ្វីដែលសំខាន់ ការហាត់ជាមួយគ្នាឯងមិនមានគូប្រជែងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង