មនុស្សចំនួន២១នាក់ ត្រូវបានសម្លាប់នៅក្នុងការឡោមព័ទ្ធសណ្ឋាគារនៅ សូម៉ាលី
MOGADISHU៖ សារព័ត៌មាន Reutersបានចេញផ្សាយថា កាលពីថ្ងៃអាទិត្យ ក្រុមអាជ្ញាធរបាននិយាយថា កងកម្លាំងសន្តិសុខបានបញ្ចប់ការឡោមព័ទ្ធរបស់ពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដានៅឯសណ្ឋាគារមួយក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី ដែលបណ្តាលឲ្យមនុស្សប្រមាណ ២០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។
ហើយមនុស្សរាប់សិបនាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងការប្រឈមមុខដាក់គ្នានៅសណ្ឋាគារ Hayat ក្នុងរដ្ឋធានី Mogadishu ត្រូវបានរំដោះ។
កងកម្លាំងពិសេសប្រដាប់អាវុធ បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធអស់រយៈពេល ៣០ម៉ោង ចាប់ពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីក្រុមអ្នកវាយប្រហារបានបំផ្ទុះ និងបាញ់ប្រហារចូលទៅក្នុងសណ្ឋាគារ ដែលជាទីកន្លែងពេញនិយមរបស់សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលដទៃទៀត។
លោក Ali Haji រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ទូរទស្សន៍ជាតិ SNTV ថា “រហូតមកដល់ពេលនេះ យើងបានបញ្ជាក់ថា មានមនុស្សចំនួន ២១នាក់បានស្លាប់ និងចំនួន ១១៧នាក់ផ្សេងទៀតបានរងរបួស” ៕