ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មិនមានការខាតបង់នោះទេ គឺមានតែផលចំណេញទៅវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មិនមានការខាតបង់នោះទេ គឺមានតែផលចំណេញទៅវិញ។
ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម នៅភូមិន្ទភ្នំពេញ ផ្តល់បរិញ្ញាបត្រលើ ៣មុខជំនាញ រួមមាន៖
១៖ មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies)
២៖ មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation)
៣៖ មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៉ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងបង្កើត ផលចំណេញបានមកលើយើងទេតើ»។
ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម ផ្តល់ផលចំណេញដល់កម្ពុជាទាំងការរកស៉ី ការជួយនិស្សិតអាហារូបករណ៍មុនទៅរៀននៅវៀតណាម និងក៏អាចយល់ដឹងច្រើន ពីប្រទេសជិតខាតមួយនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថា «យើងបង្កើតឲ្យនិស្សិតរបស់យើងរៀន ហើយអ្នកណា ដែលចង់រកស៉ីជាមួយវៀតណាម ដូចជានៅតាមព្រំដែន គេអាចបញ្ជូនមនុស្សមករៀនភាសាវៀតណាម។ វាមានតែចំណេញ វាអត់មានអ្វីខាតទេ។ អ្នកចេះភាសាបារាំងក៏ដោយ អង់គ្លេសក៏ដោយ ភាសាអ្វីក៏ដោយ អត់មានអ្វីខាតទេ។ រឿងអ្វី បែរជានាំគ្នាជ្រួលច្របល់ ថារៀនហ្នឹងវាបង្កើតជាបញ្ហាខ្មែរក្រោមទី២»។
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការបើកដេប៉ាតឺម៉ង់នេះ មិនមែនយកនិស្សិតវៀតណាមក បង្រៀនវៀតណាមនៅកម្ពុជាឡើយ។ សម្តេចបន្តថា មុននឹងប្រទេសនិស្សិតប្រទេសនានាមករៀននៅកម្ពុជា ក៏គេបណ្តុះបណ្តាលភាសាខ្មែរជាមុនសិនដែរ ព្រោះគេមានកន្លែងបណ្តុះបណ្តាលភាសាខ្មែរស្រាប់៕