ក្រុមរថយន្ត OFF ROAD កម្ពុជាទៅដល់ប្រទេសថៃ
ភ្នំពេញ៖ទោះបីការប្រកួតរថយន្ដOFF ROADនៅខេត្តកាន់ឆាណាក់បុរីត្រូវចាប់ផ្ដើមថ្ងៃ
ទី២៥សីហាក៏ដោយក៏ពេលនេះក្រុមកម្ពុជា ចំនួន៣ក្រុម ស្មើនឹង ៩រថយន្ត បានមកដល់ខេត្តត្រាត ប្រទេសថៃតាំងពីថ្ងៃទី២២សីហាម្សិលម៉ិញម្ល៉េះ។
លោក វង្ស គីមហួត សមាជិកក្រុមរថយន្ត OFF ROAD កម្ពុជា បានបញ្ជាក់ថា ការប្រណាំងរថយន្តអន្តរជាតិនេះ មាន៤ប្រទេសចូលរួម គឺ ម៉ាឡេស៊ី ឡាវ កម្ពុជានិង ថៃម្ចាស់ផ្ទះ។
កម្មវិធីប្រកួតនៅថ្ងៃទី២៥ នឹងមានការចុះឈ្មោះ ប្រជុំបច្ចេកទេស ពិនិត្យរថយន្ត គ្រឿងមាស៊ីន ប្រព័ន្ធសុវត្តិភាពផ្សេងៗ។ ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២២ ចាប់ផ្តើមប្រណាំង លើវិញ្ញាសាឯកត្តជន វិញ្ញាសា UTV និងវិញ្ញាសាជាក្រុម។
លោក ព្រុំ រស្មី ប្រធានក្រុមរថយន្ត Off Road កម្ពុជា បញ្ជាក់ថា ការប្រណាំងខាងលើនេះ គឺជាវិញ្ញាសាថ្មីមួយ និងប្លែកសម្រាប់កម្ពុជា ដោយសារកន្លងមក គឺយើងលេងជាវិញ្ញាសាឯកត្តជន ប៉ុន្តែកម្មវិធីប្រណាំងនៅថៃ ត្រូវលេងជាក្រុម។
ការលេងជាក្រុមបែបនេះទាមទារអោយកីឡាករទាំងអស់ត្រូវសាមគ្គីគ្នានិងសហការគ្នាជាក្រុមទោះបីមានអ្នកខ្លាំងនិងអ្នកខ្សោយក៏ដោយក៏ត្រូវលេងជាលក្ខណៈក្រុមដើម្បីអោយការប្រណាំងឈានទៅដល់ទីជាក្រុម ទើបទទួលបានជ័យជំនះ។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ រៀបចំដោយប្រទេសថៃ។ ការចូលរួមរបស់កម្ពុជាគឺចង់រឹតចំណងសាមគ្គីភាពមិត្តភាពជាមួយប្រទេសជិតខាងពិសេសចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាក៏មានធនធានកីឡាករ ក្នុងវិស័យកីឡារថយន្ត OFF ROAD ផងដែរ។ ហើយកម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពី លេខ១ដលលេខ១ ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះ។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មាន៤ប្រទេសចូលរួម គឺឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃម្ចាស់ផ្ទះ និងមានរថយន្តចូលរួមប្រណាំងសរុបប្រមាណជាជាង១០០គ្រឿងក្នុងនោះកម្ពុជាមាន៣ក្រុមចូលរួម មានក្រុមខេមបូ 4×4 , ក្រុម VKH និងក្រុមគោព្រៃមណ្ឌលគិរី៕