អភិបាលខណ្ឌ៧មករា ចុះពិនិត្យការងារនៅ ការិយាល័យច្រកចេញចូលតែមួយ ដោយជំរុញពន្លឿនការងារជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យការងារនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ៧មករាដោយជំរុញដល់មន្រ្តីនៅការិយាល័យច្រកចេញចូលតែមួយអោយជួយពន្លឿនការផ្ដល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានលឿនដែលអាចធ្វើទៅបានពោលគឺអោយមានប្រសិទ្ធភាព និង តម្លាភាព ។
បន្ទាប់មកទៀតលោកអភិបាលខណ្ឌ៧មករាថេង សុថុល ដោយបានបន្តពិនិត្យតាមការិយាល័យនិមួយៗចំណុះរដ្ឋបាលខណ្ឌ៧មករាដោយស្នើដល់អស់លោក.លោកស្រីជាប្រធាន អនុប្រធាននៃការិយាល័យនិមួយៗអោយគោរពពេលម៉ោងបំពេញការងារ និង ញាប់ដៃញាប់ជើងក្នុងការបំពេញការងារតាមផ្នែកជំនាញនិមួយៗដើម្បីបំពេញឬផ្ដល់សេវាដាធារណៈជូនដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋាន៧មករាទាំងមូលអោយមានប្រសិទ្ធិភាពខ្ពស់តាមតម្រូវការពួកគាត់ខណៈពេលពួកគាត់មកទំនាក់ទំនងការងារអ្វីមួយហើយក្នុងនាមអ្នកបំពេញការងារក្នុងរដ្ឋបាលខណ្ឌជូនដល់បងប្អូនប្រជាពលរដ្ឋនោះទាមទារអោយកាយវិការសមរម្យ មានសុជីវធម៌ និង ពាក្បសំដីផ្អែមល្ហែមដាក់ពួកគាត់ដោយអាចទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានោះលោកអភិបាលខណ្ឌ៧មករា បានលើកឡើងដោយថ្លែងកោតសរសើរចំពោះការបំពេញការងារតាមផ្នែកតាមការិយាល័យនិមួយៗនៃរដ្ឋបាលខណ្ឌនាសព្វថ្ងៃនេះ គឺបងប្អូនបានខិតខំដោយមិនគិតពីការនឿយហត់អ្វីឡើយពោលគឺសប្បាយរីករាយបំពេញការងារជូនដល់បងប្អូនប្រជាពលរដ្ឋពេលពួកគាត់មកទំនាក់ទំនងការងារដល់រដ្ឋបាលខណ្ឌតាមតម្រូវការពួកនាសព្វថ្ងៃនេះ៕