ក្រសួងរ៉ែនិងថាមពល សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី លើការអភិវឌ្ឍប្រព័ន្ធធុងអាគុយស្តុកទុកថាមពលទ្រង់ទ្រាយធំ
ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បាននិងកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការអភិវឌ្ឍប្រព័ន្ធធុងអាគុយស្តុកទុកថាមពលទ្រង់ទ្រាយធំ ដើម្បីផ្តល់កាលានុវត្តភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញផ្សេងៗ។
ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Jyotsana Varma បានស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងបានផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
លោកស្រី Jyotsana Varma ក៏បានសម្តែងនូវការកោតសសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍថាមពលបៃតង និងថាមពលកកើតឡើងវិញ ដែលមានប្រភពពីវារីអគ្គិសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ ក្នុងគោលបំណងឈានទៅកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់។
ជាមួយគ្នានេះ ក្រសួងក៏បាន និងកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការអភិវឌ្ឍប្រព័ន្ធធុងអាគុយស្តុកទុកថាមពលទ្រង់ទ្រាយធំ ដើម្បីផ្តល់កាលានុវត្តភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញផ្សេងៗ ក៏ដូចជាការយកចិត្តទុកដាក់លើបរិស្ថាន ការបង្កើតផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនី និងគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល៕