ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកឱ្យសាធារណជន​ចូល​ទស្សនាវត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃទី​២៩កញ្ញា

105


ភ្នំពេញ៖ ដើម្បី​អបអរ​ថ្ងៃ​ប្រារព្ធ​ខួប​បេតិកភណ្ឌ​អឺរ៉ុបថ្ងៃទី​២៩ ខែកញ្ញា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានបើកឱ្យ​សាធារណជន​ទាំងអស់ ចូល​ទស្សនា ​និងសិក្សាឈ្វេងយល់ កន្លែងទុក​វត្ថុ​បុរាណដែលរក្សាទុក នៅអភិរក្សដ្ឋានអង្គរ ​នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៤​រសៀល​។ ​អភិរក្ស​ដ្ឋា​ន​អង្គរ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ឬ​នៅមុខ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍(​វត្ត​លើ​)​ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រជាពលរដ្ឋជាពិសេសយុវជន ​អាច​ឈ្វេងយល់​អំពី​បេតិកភណ្ឌ​ជាតិ និង​ការងារ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច ដែល​បាន​ខំ​ប្រមូលការពារ និង​ថែរក្សា​សុវត្ថិភាព​វត្ថុ​សិល្បៈ ​ក្នុង​ឃ្លាំង​អភិរក្ស​ដ្ឋា​ន​អង្គរ រហូតមកដល់​សព្វថ្ងៃ​នេះ​ ហើយប្រជាពលរដ្ឋដែលធ្លាប់​បានប្រគល់វត្ថុបុរាណផ្សេងៗ មកអភិរក្សដ្ឋានអង្គរ ក៏អាចមកពិនិត្យបានថា វត្ថុទាំងនោះមានការរក្សាទុកត្រឹមត្រូវ ឬមានសភាពដូចដើមឬអត់។ បច្ចុប្បន្ននេះ​នៅ​ក្នុង​អភិរក្សដ្ឋានអង្គរ មាន​វត្ថុបុរាណដែលប្រមូល​មកពីបណ្តា ខេត្តទាំងអស់នៅទូទាំងប្រទេសយកមករក្សា ទុកនៅទីនេះ មាន​ប្រមាណជិត១ម៉ឺនវត្ថុបុរាណ ក្នុងនោះមាន​ចម្លាក់ថ្ម និង​ចម្លាក់ឈើ។

នៅក្នុង១ឆ្នាំ ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ បានបើក ទូលាយឱ្យសាធារណជនទូទៅ បាន​ចូល​ទស្សនា និង​សិក្សាឈ្វេងយល់ ពីវត្ថុបុរាណដែល​រក្សា ទុកនៅ​អភិរក្សអង្គរនេះ ចំនួន២ដង គឺនៅថ្ងៃទី២៩ ខែកញ្ញានេះម្តង និងនៅខែមេសា ក្នុងឱកាសចូលឆ្នំាខ្មែរម្តង។ ក្រៅពីនេះ ថ្ងៃធម្មតាក៏ប្រជាពលរដ្ឋ អាចចូលសិក្សាឈ្វេងយល់ពី វត្ថុបុរាណបានផងដែរ ដោយប្រជាពលរដ្ឋ គ្រាន់តែស្នើសុំទៅមន្រ្តី ដែលការពារនៅទីនោះប៉ុណ្ណោះ ដោយគ្មានការចំណាយថវិកាអ្វីទេ។ នៅពេលប្រជាពលរដ្ឋ ដែលចូលទៅទស្សនាវត្ថុបុរាណទាំងនេះ អាចកត់ត្រា ឬសួរបន្ថែមបាន ព្រោះនៅក្នុងអភិរក្សដ្ឋានអង្គរនេះ មានមន្រ្តីជំនាញ​សម្រាប់ពន្យល់ ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ពីប្រវត្តិ នៃរូបចម្លាក់នីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង