ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលរងខណ្ឌ ដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យ អស់ពីលទ្ធភាពនិងទាន់ពេលវេលា

129

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋឱ្យបាន តាមសេចក្តីត្រូវការ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដូច្នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការបង្កើនចំនួនអភិបាលរងខណ្ឌបន្ថែមនាពេលនេះ គឺពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងកាន់តែល្អប្រសើរ ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងការជីកប្រឡាយ ធ្វើលូ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋបានកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយគុណភាព។

ឯកឧត្តមបន្តថា ការបង្កើនប្រសិទ្ធភាពការងារនេះគឺជាបំណងប្រាថ្នាចាច់បាច់របស់ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រទេសស៊ីវិល័យ ខណៈដែលបច្ចុប្បន្ននេះប្រជាជនកម្ពុជាមានភាពស៊ីវិល័យច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយឡែកក្នុងរាជធានីភ្នំពេញក៏កាន់តែមានភាពស៊ីវិល័យផងដែរ ទាំងការរស់នៅនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះទៀតតម្រូវការក៏កាន់តែមានភាពឈានឡើង ដូច្នេះការបម្រើសេវាគ្រប់សព្វបែបយ៉ាងក្នុងរាជធានីភ្នំពេញរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌ ត្រូវតែបង្កើនល្បឿននិងប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផល ឱ្យបានល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងចៅសង្កាត់ទាំងអស់ គឺបន្តខិតខំប្រឹងប្រែងនិងត្រៀមលក្ខណៈ ដើម្បីបំពេញបន្ថែមនូវសេវាសាធារណៈជូនប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការអភិវឌ្ឍសេវាផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែទំនើប ជឿនលឿន និងមានភាពងាយស្រួលបំផុត។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ រួមមាន ការផ្ទេរភារកិច្ចមន្រ្តីរាជការចំនួន១២រូបជាអភិបាលរងខណ្ឌ តែងតំាងមន្រ្តីរាជការចំនួន៣៦រូប ជាអភិបាលរងខណ្ឌ ផ្ទេរអភិបាលរងខណ្ឌចំនួន៥រូប ទៅបំរើការងារ នៅរដ្ឋបាលរាជធានីភ្នំពេញ និង តែងតំាងប្រគល់ភារកិច្ចដល់មន្រ្តីរាជការចំនួន១០រូប ជានាយករដ្ឋបាលក្នុងរចនាសម័្ពន្ធរដ្ឋបាលខណ្ឌនានានៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង