ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣

88


ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ (UN) លើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញានេះ បានសរសេរលើហ្វេសប៊ុកផ្លូវការថា ក្នុងកិច្ចប្រជុំនោះកម្ពុជា មានតួនាទីយ៉ាងសំខាន់ គឺជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិទៀតផង។
ក្នុងឱកាសដែលសម្តេចបំពេញទស្សនកិច្ចផ្លូវការនៅអាមេរិកនោះ សម្តេចនឹងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញាខាងមុខនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលកម្ពុជាមានតួនាទីដ៏សំខាន់ ជាអនុប្រធាននៃមហាសន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក (New York, USA)។ ក្នុងពេលស្នាក់នៅទីនោះ ខ្ញុំនឹងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីរស់នៅទីណាក៏ដោយ គឺបងប្អូនជាមហាគ្រួសារខ្មែរ តែមួយរបស់កម្ពុជា។ ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខបងប្អូនខ្មែរ-អាមេរិកាំងនៅគ្រប់រដ្ឋទាំងអស់ និងសូមអរគុណក្មួយៗ និងបងប្អូនដែលកំពុងត្រៀមខ្លួន មកទទួលស្វាគមន៍ខ្ញុំនៅពេលដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង