ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចស្រាវជ្រាវ ករណីជួញដូរកម្លាំងពលកម្ម នៅព្រះសីហនុ ឈានដល់ឃាត់ខ្លួនមនុស្សសរុប១១នាក់ និងដកហូតអាវុធមួយចំនួន

110

 

ភ្នំពេញ៖ នាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវលើករណីជួញដូរកម្លាំងពលកម្មមួយ នៅខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចរកឃើញអាវុធវែងខ្លីមួយចំនួន និងឃាត់ខ្លួនជនពាក់ព័ន្ធសរុប១១នាក់។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរកម្លាំងពលកម្ម បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ដែលជាជនជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុប ០៨នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI ចំនួន០១ដើម។ បន្តមកទៀត រហូតដល់យប់រំលងអាធ្រាត្រវលេាម៉ោង ០១៖៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កម្លាំងបានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យជួញដូរអាវុធមួយដើមនោះ រហូតបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់ទៀត ដែលមានខ្មែរ២នាក់ និងចិនម្នាក់ ព្រមទាំងដកហូតបានវត្ថុតាង អាវុធមួយចំនួនបន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខៈ EH6362750
២៖ ឈ្មោះ សាន សុខឡេង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣៖ ឈ្មោះ ថៃ ឃាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

ចំណែកវត្ថុតាងដែលត្រូវបានដកហូតបាន រួមមាន៖ អាវុធវែង២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ), បង់ត្រឡោក ០១, បង់អាវុធវែង AK ចំនួន ០១, អាវុធខ្លី ០៣ដើម (សរុបរួម ០៤ដើម), ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក SIG SAURER ពណ៌ខ្មៅ បង់២, គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥គ្រាប់), រថយន្ត ចំនួន ០១គ្រឿង។

សូមបញ្ជាក់ថា ពេលនេះ កម្ពុជាកំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង