អគ្គលេខាធិការ CAMSOC និងអគ្គនាយកកីឡា ប្រជុំជាមួយសហព័ន្ធជាតិ ដែលមានក្នុងបញ្ជីស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា «រយៈពេលនៅសល់៨ខែ មុនការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣មិនយឺតពេលទេសម្រាប់ការរៀបចំហើយជាពេលវេលាមួយសមរម្យ។
ឯកឧត្តមលើកឡើងបែបនេះក្រោយបញ្ចប់ការឮប្រជុំបច្ចេកទេសជាមួយមន្ត្រីបច្ចេក
ទេសជាមួយ៣៩សហព័ន្ធកីឡាជាតិ ដែលត្រៀមសម្រាប់គោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រួមទាំងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជននិងកីឡានិងជាអគ្គលេខាធិការរងCAMSOCទទួលបន្ទុកផ្នែកបច្ចេកទេសនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមវ៉ាត់ចំរើនបញ្ជាក់ថានេះជាការត្រួតពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារ
របស់សហព័ន្ធកីឡាជាតិទាំងអស់ហើយបានឯកភាពគ្នាផ្ទៃក្នុងផ្នែកលើយុទ្ធសាស្ត្របច្ចេកទេសនៃការរៀបចំរបស់ប្រភេទកីឡាជំនាញនីមួយៗបន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី
សម្តេចពិជ័យសេនាទៀបាញ់ឧបនាយកដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាទទួលបានការណែនាំពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។
នេះជាការត្រៀមលក្ខណៈបញ្ចប់ការរៀបចំបច្ចេកទេសនិងរៀបចំយុទ្ធសាស្ត្រវិធីសាស្ត្រនានាដើម្បីស្វែងរកសក្តានុពលក្នុងការប្រកួត។
ឥឡូវនេះមានការបែងចែកការងារច្បាស់លាស់អស់ហើយដោយសហព័ន្ធកីឡាជាតិទាំងអស់ត្រូវដល់ពេលធ្វើការជាមួយសហព័ន្ធកីឡាអន្តរជាតិហើយសហព័ន្ធកីឡាអន្តរជាតិត្រូវប្រើប្រាស់ប្រធានប្រតិភូបច្ចេកទេសដែលនឹងត្រូវមក
ជួយដល់សហព័ន្ធកីឡាជាតិនីមួយៗ។នេះជាដំណាក់កាលនីមួយៗដើម្បីជួយជំរុញឲ្យការរៀបចំស៊ីហ្គេម ២០២៣ របស់សហព័ន្ធកីឡាជាតិនីមួយៗបានធូរស្រាល។
ឯកឧត្តមបន្តថាកាលណាសហព័ន្ធយើងទទួលបានអ្នកជំនាញបច្ចេកទេសអន្តរជាតិ នោះមានន័យថាសហព័ន្ធជាតិនីមួយៗទទួលបានគោលការណ៍ច្បាស់លាស់ក្នុងការត្រៀម
រៀបចំការប្រកួតឲ្យទទួលបានជោគជ័យ។
ទាំងនេះគឺជាចំណុចសំខាន់ក្នុងការយកយុទ្ធសាស្ត្រស្វែងរកឧត្តមភាពមេដាយក្នុងការប្រកួតនៃប្រភេទកីឡានីមួយៗហើយនឹងយកឧបសគ្គណាខ្លះដែលជាបញ្ហាប្រឈម ដើម្បីដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំធំ នាខែក្រោយនេះដើម្បីឲ្យសហព័ន្ធទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមដើម្បីយកទៅអនុវត្តផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាកំណត់ត្រាស៊ីហ្គេម។ ឯកឧត្តមបានបន្ថែម។
ជារួម សហព័ន្ធកីឡាជាតិទាំងអស់បានយល់ជ្រួតជ្រាបច្បាស់លាស់និងបានឯកភាពគ្នា ក្នុងកិច្ចការដែលត្រូវធ្វើជាដំណាក់កាលៗរួចរាល់អស់ហើយដែរ។ក្រៅពីនេះបញ្ហាដែលនៅ
សេសសល់នឹងរួមគ្នាបោសសម្អាតឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះដែរឯកឧត្តមប្រធានអង្គប្រជុំក៏បានលើកបង្ហាញពីភាពខុសៗគ្នានៃឧត្តមភាពទាំងការគ្រប់គ្រងនិងការដឹកនាំ។ក្នុងនោះមានសហព័ន្ធមួយចំនួនធ្លាប់បានធ្វើម្ចាស់ផ្ទះ
ខ្នាតអន្តរជាតិរួចហើយដោយសហព័ន្ធទាំងនោះមានភាពរឹងរាំក្នុងការរៀបចំការងារបច្ចេកទេសអស់ហើយដែរ។ សហព័ន្ធកីឡាជាតិទាំងនោះ មានដូចជា ការ៉ាតេ វ៉ូវីណាម តេក្វាន់ដូ WT (Worl Taekwondo)តេក្វាន់ដូ ITF(International Taekwondo Federation) បាល់ទាត់ និងប៉េតង់ធ្លាប់ធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ជាដើមនោះមិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារសហព័ន្ធជំនាញទាំងនោះធ្លាប់មានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិ។
ជាបញ្ហាគឺសហព័ន្ធកីឡាជាតិដែលមិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិក្នុងកីឡាជំនាញរបស់ខ្លួនទាល់តែសោះ ដែលទាំងនេះគឺជាក្តីបារម្ភ។ ទាក់ទងនឹងដំណោះស្រាយ គឺក្រុមការងារបានផ្តល់ឲ្យសហព័ន្ធមិនធ្លាប់រៀបចំសោះត្រូវរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតតេស្ត
កម្រិតអន្តរជាតិហើយចាំបាច់បំផុតគឺត្រូវធ្វើការងារឲ្យបានជិតស្និទ្ធឲ្យបានលឿនជាមួយប្រធានបច្ចេកទេសកីឡារៀងៗខ្លួន ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេកទេស។