បុគ្គលិកធនាគារស្ថាបនាម្នាក់ស្លាប់ ពេលជិះម៉ូតូបុករបាំងហាមឃាត់ចរាចរណ៍
ពោធិ៍សាត់ៈ បុគ្គលិកធនាគារស្ថាបនាម្នាក់ ជិះម៉ូតូបុករបាំងហាមឃាត់មិនឲ្យធ្វើចរាចរណ៍ (កង់រថយន្តចាស់ៗ) បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ខាងកើតមុខក្លោងទ្វារវត្តខ្នាច់រមាសស្ថិត នៅភូមិខ្នាច់រមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង២៥នាទី ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K 2889 បើកបរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុកនឹងកង់ឡានដែលដាក់បិទផ្លូវមិនអោយធ្វើចរាចរណ៍ បណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ឃើញហេតុការណ៍ប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អ៊ុ សុភារម្យ ភេទប្រុសអាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគាស្ថាបនា លំទីនៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នសពជនរងគ្រោះនិងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការបានបន្តថា ករណីនេះគឺបង្កមកពីកត្តា បើកបរខ្វះការប្រុងប្រយ័ត្ន ចំពោះជនរងគ្រោះបានពាក់មួកសុវត្ថិភាព តែមិនបានដាក់គន្លឹះត្រឹមត្រូវ ទើបពេលមានគ្រោះថ្នាក់របូតមួកពីក្បាល បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់ ស្លាប់បែបនេះ ៕