សហព័ន្ធកីឡាទូកកានូនិ ងរ៉ូអ៊ីង ត្រូវការអ្នកជំនាញ៥០រូប សម្រាប់ស៊ីហ្គេម
ភ្នំពេញ៖ អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ស្រ៊ុន លាង បានអោយដឹងថាសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះសហព័ន្ធត្រូវការគណៈកម្មការបច្ចេកទេសជំនាញចំនួន ៥០នាក់ ។
លោកនិយាយបែបនេះនេះ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រយៈពេល៦ថ្ងៃ ដល់មន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា នៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ។
លោកបន្តថាតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងឆ្នាំ២០១៩-២០២៣ ត្រូវការគណៈកម្មការបច្ចេកទេសជំនាញចំនួន ៧៥នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតនានាទាំងជាតិ និងអន្តរជាតិ។ ប៉ុន្តែ ការងារបណ្តុះបណ្តាលកន្លងមក សហព័ន្ធបានធ្វើ៥លើករួចហើយ គិតមកដល់ពេលនេះ យើងមានមន្រ្តីជំនាញជាង ២០០នាក់។ ប៉ុន្តែប្រតិភូសហព័ន្ធកីឡាទូកអន្តរជាតិ លោក Dick Lim ប្រាប់ថា ត្រូវការអ្នកជំនាញត្រឹមតែ ៥០នាក់ គឺគ្រប់គ្រាន់ហើយ។
សម្រាប់គណៈកម្មការសហព័ន្ធកីឡាទូកអន្តរជាតិវិញ លោកអគ្គលេខាធិការង បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឬការប្រកួតកម្រិតអន្តរជាតិនានា ត្រូវការគណៈកម្មការជំនាញចំនួន ២២នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជ្រើសរើសដោយសហព័ន្ធកីឡាទូកអន្តរជាតិ ក្នុងនោះប្រទេសខ្លះ អាចយក ៣នាក់ ដោយសារគេធ្លាប់បណ្តុះបណ្តាលទូកប្រពៃណី ទូកនាគខ្នាតអន្តរជាតិ ច្រើនដង។ ប្រទេសខ្លះ អាចយក ២នាក់ តែគិតមកដល់ពេលនេះ សម្រាប់កម្ពុជា មានតែម្នាក់ប៉ុណ្ណោះ។
អ្នកជំនាញផ្នែកទូកកានូ និងកាយ៉ាក គឺលោក ស្រ៊ុន លាង ជាអគ្គលេខាធិការងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកផ្នែកបច្ចេកទេសសហព័ន្ធ ប៉ុន្តែផ្នែកទូកប្រពៃណី ទូកនាគខ្នាតអន្តរជាតិ កម្ពុជាមិនទាន់មាននោះទេ។ លោក បន្តថា សហព័ន្ធមានផែនការបញ្ជូនមន្រ្តីបច្ចេកទេស ដែលចេះភាសាស្ទាត់ជំនាញ ចេះការងារបច្ចេកទេស (IT) និងយល់ច្បាស់ពីច្បាប់ លក្ខខន្តិកៈអន្តរជាតិ ទៅចូលរួមការប្រកួតកីឡាទូកប្រពៃណីទូកនាគ ជើងឯកអាស៊ីអាគ្នេយ៍ ដែលរៀបចំនៅប្រទេសថៃ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសិក្សារៀនសូត្រ ពីអ្នកជំនាញអន្តរជាតិ ទាំងទ្រឹស្តី ការអនុវត្តផ្ទាល់ បូករួមទាំងការកាត់សេចក្តីការប្រកួតផ្ទាល់ ដើម្បីឲ្យគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាទូកអន្តរជាតិ ទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រជាផ្លូវការ។
លោកអគ្គលេខាធិការរង បានវាយតម្លៃថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ នៅខេត្តកំពត រយៈពេល ៦ថ្ងៃនេះ ទទួលបានលទ្ធផល ៨៩% ហើយមានមន្រ្តីបច្ចេកទេសដែលឆ្លងកាត់វគ្គបណ្តុះបណ្តាល ៤លើកកន្លងមក មានសរុបជាង ២០០នាក់ ដើម្បីបន្តចូលរួមវគ្គបណ្តុះបណ្តាលចុងក្រោយ ដែលបង្រៀនដោយសហព័ន្ធកីឡាទូកអាស៊ី ដោយជ្រើសរើសយកតែ ៥០នាក់ តាមការកំណត់របស់សហព័ន្ធកីឡាទូកអន្តរជាតិ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ពីសហព័ន្ធកីឡាទូកអាស៊ី កម្ពុជាមានគម្រោងនឹងបញ្ជូនទៅសិក្សាបន្ថែមនៅក្រៅប្រទេស ពីការកាត់សេចក្តីការប្រកួតជាលក្ខណអន្តរជាតិអោយបានច្រើនដង មុនស៊ីហ្គេម នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសអោយបានល្អ ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រយៈពេល ៦ថ្ងៃ នៅខេត្តកំពត មានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ ដែលសុទ្ធសឹងជាមន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា និងបង្ហាត់បង្រៀនដោយគ្រូឧទ្ទេស ៣រូប រួមមានឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធាន លោក ស្រ៊ុន លាង អគ្គលេខាធិការរង និងលោក សាំង សុភ័ក្ត្រ។ ដោយឡែក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវការគណៈកម្មការបច្ចេកទេសជំនាញសរុបចំនួន ៥០នាក់៕