អភិបាលរាជធានីជម្រុញអោយអាជ្ញាធរនិងសមត្ថកិច្ចបង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ និង បង្គារទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រុញអោយអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់បង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀននិង បង្គារទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។
ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ កញ្ញានេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា មន្ត្រីរបស់យើងជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវមើលពួកគាត់អោយបានគ្រប់ជ្រុងជ្រោយ ។ ជាក់ស្តែងដូចជាផ្ទះសំបែងជាដើម នៅខណ្ឌដូនពេញនេះមានសំណង់ចាស់ ៗ ច្រើន ដូច្នេះ ក្នុងនាមយើងជាអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ពួកគាត់ ដោយត្រូវរកមន្ត្រីជំនាញមកវាយតំលៃថាតើពួកគាត់អាចរស់នៅបន្តទៀតបានឬទេ។
លោកឃួង ស្រេង បានបន្តថា គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌដូនពេញនៅពេលនេះ គឺដើម្បីសួរសុខួុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋអោយរឹងរិតតែល្អប្រសើរឡើងថែមទៀត។
លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌដូនពេញ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។
លោកបញ្ជាក់ថា នៅលើពិភពលោកមិនមានប្រទេសណាធ្លាក់ដល់ចំណុចសូន្យដូច ប្រទេសកម្ពុជាយើងនោះទេ។តែដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងបានធ្វើអោយប្រទសដ៏សែនអាក្រក់មួយនេះ បានងើបខ្លួនជាបណ្តើរៗ រហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ ។យុវជនត្រូវសិក្សារៀនសូត្រពីមនុស្សចាស់ រកចំណុចល្អៗពីមនុស្សចាស់ ដើម្បីយកមកអនុវត្តការងារអោយបាន
ល្អប្រសើរ ។
តាមគំនិតរបស់លោកគឺបណ្តុះបណ្តាលយុវជន និងមើលថែមនុស្សចាស់ ។យុវជន និងមនុស្សចាស់ ត្រូវតែដើរទន្ទឹមគ្នា មានន័យថា បើអត់មនុស្សចាស់ ក្មេងក៏គ្មានឱកាសដែរ។មនុស្សចាស់ជាអ្នកតំរង់ទិសអោយក្មេង ទើបក្មេងអាចដើរខ្លួនឯង។
ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌដូនពេញក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។
លោកឃួង ស្រេង ក៏បានជម្រុញអោយរដ្ឋបាលខណ្ឌដូនពេញដោះស្រាយ នូវការរៀបចំសណ្តាប់ សំណ់ងគ្មានច្បាប់ ការសង់រោងបិទផ្លូវសាធារណៈ ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹងអោយបានល្អបន្ថែម និងមិនអោយមានរឺម៉កដឹកធ្យូងចូលក្រុង ។ ត្រូវពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនបរទេស និងសមាគមន៍មួយចំនួនដែលមាននិន្នាការប្រឆាំង ។
លោកបញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌដូនពេញមានចំនួន ៥៨៥ទីតាំង ហើយក្នុងចំនួននេះ រដ្ឋបាលខណ្ឌដូនពេញទើបតែចុះពិនិត្យនិងធ្វើកិច្ចសន្យាបានតែជាង១០០ទីតាំងប៉ុណ្ណោះ។ ត្រូវណែនាំអោយម្ចាស់ក្លឹបកំសាន្តទាំងអស់បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ពិសេស ការដាក់ស្លាកយីហោត្រូវតែដាក់អក្សខ្មែរអោយបានធំៗនិងនៅពីលើអក្សបរទេស ដោយទុករយៈពេលអោយចំនួន២សប្តាហ៍ បើមិនដូច្នេះទេ យើងចាត់វិធានការភ្លាម ។
លោក ក៏បានជម្រុញអោយមានការបង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ រួមទាំងបង្គារទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនអ្នកចូលហូបចុក និងប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ៕