អភិបាលខណ្ឌកំបូលចុះចែក អំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន៥០គ្រួសារ មកពីភូមិចំនួន៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមខណ្ឌកំបូល បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៥០គ្រួសារ មកពីភូមិចំនួន៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល ក្រោមអធិបតីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌកំបូល។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌកំបូលបានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ចំពោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, ឃីត១កញ្ចប់ និងថវិកាចំនួន ២០.០០០រៀល៕