ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ចងកធ្វើអត្តឃាត ព្រោះខឹងឪពុកម្តាយស្តីបន្ទោស ក្រោយត្រឡប់មកពីចំការលោក ខឹម វាសនា

155

 

កំពង់ឆ្នាំង៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួន បន្ទាប់ពីត្រឡប់មកពីចម្ការលោក ខឹម វាសនា នៅខេត្តសៀមរាបវិញ ហើយត្រូវបានឪពុកម្ដាយណែនាំ និងស្ដីបន្ទោសឱ្យបន្តិចបន្តួច ព្រោះមិនចង់ឲ្យកូនត្រឡប់ទៅវិញ។

ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ម៉ាត ម៉ាន អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅនឹងដើមឈើ ក្បែរវាលស្រែ នៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះថា យុវជនដែលបានចងកធ្វើអត្តឃាតនេះ គឺបន្ទាប់ពីរូបគេបានត្រឡប់មកពី ចម្ការរបស់លោក ខឹម វាសនា ហើយត្រូវបានឪពុកម្ដាយស្ដីបន្ទោស និងណែនាំកូនដោយមិនឲ្យត្រឡប់ទៅវិញ។ ដោយសារខឹងឪពុកម្តាយស្តីបន្ទោស រូបគេមានការខឹងសម្បារនិងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួច ក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្ដង។

លោកអធិការ បានបន្តថា យុវជនរូបនេះបានទៅស្នាក់នៅចំការលោក ខឹម វាសនា ជាមួយនឹងមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ខណៈនោះឪពុកម្ដាយបានឃាត់កូនមិនឲ្យទៅដែរ តែរូបគេនៅតែមិនស្ដាប់ការហាមឃាត់របស់ពុកម្ដាយ។ រូបគេបានចេញទៅនៅចំការលោក ខឹម វាសនា នៅថ្ងៃទី២៧ ខែសីហា នឹងបានត្រឡប់មក វិញនៅថ្ងៃទី៣០ ខែសីហា លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ យុវជនជាជនរងគ្រោះបានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការ ក៏សុំផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោក និងជឿតាមការអូសទាញរបស់ក្រុមមនុស្សមួយចំនួនឲ្យទៅសា្នក់នៅក្នុងចំការរបស់លោក ខឹម វាសនា ដើម្បីរក្សាជីវិតដោយសារតែ មានទឹកលិចពិភពលោក។ លោកថា ការជឿដោយភាពឆោតនេះ បានធ្វើឲ្យអ្នកខ្លះចាកចេញចោលពីផ្ទះសំបែង ចោលក្រុមគ្រួសារអស់រយៈពេលជាច្រើនថ្ងៃជាមួយនឹងការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។

បន្ទាប់ពីមានការពន្យល់ណែនាំពីថ្នាក់ដឹកនាំ ឥឡូវនេះពលរដ្ឋភាគច្រើនបាននិងកំពុងតែត្រឡប់មកផ្ទះសម្បែងលំនៅឋានវិញជាបន្តបន្ទាប់។ សម្រាប់មូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើសិនមានប្រជាពលរដ្ឋណា ត្រឡប់មកផ្ទះវិញ និងឈប់ជឿការឃោសនាតទៅទៀតនោះ លោកអធិការ ក៏សូមឲ្យប្រជាពលរដ្ឋផ្សេងទៀត កុំមានការរើសអើង ឬស្ដីបន្ទោសឲ្យពួកគាត់អី សុំមេត្តាយោគយល់ និងអធ្យាស្រ័យនូវកំហុសមួយភ្លែត ដែលពួកគាត់គិតមិនដល់តាមការឃោសនារបស់គេ៕

អត្ថបទដែលជាប់ទាក់ទង