ឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ ឆាបឆេះតូបលក់ដូររបស់ អាជីវករនៅផ្សារតូចទួលសង្កែ បំផ្លាញអស់តូបចំនួន ៩តូប
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរផ្សារតូចទួលសង្កែ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវលេខ៩០១ ក្រុមទី៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះតូបលក់ដូរចំនួន ៩តូប ទំហំ ១,៥ម៉ែត្រ X ២ម៉ែត្រ អស់ទាំងស្រុង ដែលសង់ឡេីងអំពី ដែកប្រក់សង្ក័សី ។
មន្ត្រីជំនាញបានបន្តទៀតថា ៖ នៅវេលាម៉ោង១២ និង២០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើរនឹង ២៨ម៉ែត្រគូប, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៦គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១ឡានសើ្មនឹង ៦ម៉ែត្រគូប ៕