កីឡាសូហ្វតិន្នីស៨រូប ចេញទៅបោះជម្រំ និងប្រកួតនៅកូរេ៣អាទិត្យ
ភ្នំពេញ៖កីឡាសូហ្វតិន្នីស៨រូបបានចេញទៅបោះជម្រំហ្វឹកហាត់និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នីស The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament រយៈពេល០៣សប្តាហ៍ នៅសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងសមត្ថភាពនិងទទួលបានបទពិសោធន៍ក្រោយខកខានរយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។
ក្រុមកីឡាករ កីឡាការិនីដែលចេញទៅចូលរួមនោះមាន កីឡាករ កាន់ សោភ័ណ្ឌ, កីឡាករ ចន ម៉ាដា, កីឡាករ សាយ សុចិត្រា, កីឡាករ សំ ចាន់កាប៊ី, កីឡាករ សយ សុធន់, កីឡាករ សម ដេវីដ, កីឡាការិនី ម៉េត ម៉ារីយ៉ាន និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដើម្បីចូលរួមបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួត បន្សាំខ្លួនស្វែងរកសិទ្ធផលល្អ និងចំណុចខ្លាំង ជាមួយអត្តពលិកអន្តរជាតិ ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នាឆ្នាំ២០២៣ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាជាពិសេសដើម្បីអោយសម្រេចតាមសន្ទស្សន៍ដែល Camsoc ដាក់ជូន គឺដណ្តើមអោយបានមេដាយមាស ៣គ្រឿង។
លោកជា សែនវិស្សុត អគ្គលេខាធិការដដែលបន្តថា សហព័ន្ធមានគម្រោងស្នើសុំទៅ
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣( Camsoc) ដើម្បីស្វែងរកគ្រូបង្វឹកអន្តរជាតិ មកហ្វឹកហាត់ដល់កីឡាករ កីឡាការិនី រយៈពេលពី ៧ខែ ទៅ ៨ខែ អោយដល់ ស៊ីហ្គេម នៅកម្ពុជា។ក្រៅពីនោះសហព័ន្ធក៏បានខ្នះខ្នែងក្នុងពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសអាជ្ញា
កណ្តាល ចៅក្រម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិបន្ថែមទៀតផង។
លោក អគ្គលេខាធិការបន្តថា តាមផែនការមេ សហព័ន្ធកីឡាហ្វតិន្នីសកម្ពុជា បានដាក់គោលដៅយ៉ាងជាក់លាក់ថា នឹងដណ្តើមមេដាយមាសអោយបាន ៣គ្រឿង ពីស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងចំណោម ៧វិញ្ញាសា ដែលដាក់អោយប្រកួតប្រជែង រួមមាន វិញ្ញាសាឯកត្តជន បុរស-នារី , វិញ្ញាសាវាយគូបុរស-នារី , វិញ្ញាសាវាយក្រុមបុរស-នារី និងវិញ្ញាសាវាយគូជម្រុះ។
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តែងតែបញ្ជូនកីឡាករ កីឡាការិនីជម្រើសរើសជាតិ និងយុវជនថ្នាល ទៅចូលរួមបោះជំរំហ្វឹកហាត់ និងការប្រកួតកម្រិតអន្តរជាតិ ជារៀងរាល់ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀតដូចជា ប្រទេសចិន ហ្វីលីពីន និងថៃ ជាដើម។
គិតមកដល់ពេលនេះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានដណ្តើមមេដាយកម្រិតអន្តរជាតិចំនួន ៦០គ្រឿង ក្នុងនោះមេដាយមាស ១០គ្រឿង មេដាយប្រាក់ ១៩គ្រឿង និងសំរឹទ្ធ ៣១គ្រឿង៕