គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង វិនិយោគជប៉ុន ចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារ
ភ្នំពេញ ៖នៅរសៀលថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៤នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣០ រូប។
កិច្ចប្រជុំទ្វេភាគីនេះជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩ មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្តី និងអតីត នាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។ ក្នុងស្មារតីរួមគ្នាកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបាន ផ្តល់នូវឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយ និងដាក់ចេញនូវដំណោះស្រាយឈ្នះ-ឈ្នះ។
ក្នុងកិច្ចប្រជុំលើកទី២៤នេះ ប្រធានបទដែលត្រូវបានលើកមកពិភាក្សារួមមាន៖ (១)- កាតព្វកិច្ច ពន្ធរបស់អភិបាលអនិវាសនជន(២)- ឡូជីស្ទិក (ការពន្លឿនការដាក់ឱ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ចរជាតិកម្ពុជាឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធី តយ) និង (៣)- ថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើ សកម្មភាពស្តីពីអព្យាក្រឹតកាបូន) ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ឯកឧត្តម ស៊ីនហូ អាបេ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេស ឯកឧត្តម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានជំរុញឱ្យមានកំណើននៃរំហូរវិនិយោគពីជប៉ុនមកកម្ពុជា។ ដើម្បីបង្ហាញនូវការគោរព និងការអាឡោះអាល័យដល់ ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលជាមិត្តល្អរបស់កម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូល រួមគោរពវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅសាជាថ្មី ដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវ សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានអំណោយផល សម្រាប់ការវិនិយោគ និងបានរំលេចពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ដែលជាឯកសារតតិយុត្តិដ៏មានសារសំខាន់ក្នុងការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។
ឯកឧត្តម ម៉សាហ៊ីរ៉ូ មីខាមី បានសម្តែងនូវការអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់នូវច្បាប់ វិនិយោគថ្មី ហើយថ្លែងការកោតសរសើរ និងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង ការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយ ភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់ វិនិយោគិនជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និង ផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប។
នាឱកាសនោះ លោកប្រធានសមាគម BAC ក៏បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងដោះស្រាយ រាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោកប្រធានសមាគមបានជម្រាប ជូនអង្គប្រជុំផងដែរពីការប្ដេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ដើម្បីបន្តការវិនិយោគបន្ថែមទៀត ដើម្បីរួម ចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ–១៩។
សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគជប៉ុន ចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក៕