ប្រធានធនាគារ ADB បង្ហាញជំហរគាំទ្រ និងពង្រឹងកិច្ចសហប្រតបត្តិការបន្ថែមទៀត ដេីម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោកជំទាវ Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB)ដែលទេីបតែងតាំងថ្មី នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២នៅទីស្តីការក្រសួង ដៃគូសន្ទនាបានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាសុី(ADB) លេីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដែលក្រសួងទទួលបន្ទុកអនុវត្ត រួមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងគោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា ។
នាឱកាសនោះផងដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងថ្លែងអំណរគុណចំពោះធនាគារADB ដែលកន្លងមកនិងដល់បច្ចុប្បន្ន បានដេីរតួរយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ចាប់តាំងពីដំណាក់កាលកម្ពុជាចាប់ផ្តេីមដំណេីរការកសាងប្រទេសឡេីងវិញ ។
ដោយឡែកជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រេីនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្ត នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤មកទៅលេីខេត្តគោលដៅជាច្រេីនរួមមាន៖ខេត្តស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ និងខេត្តស្ទឹងត្រែងជាដេីម ដូចជា៖គម្រោងផ្គត់ផ្គង់និងកែល្អប្រព័ន្ធផលិតកម្មទឹកស្អាតទីប្រជុំជន-ពង្រីកណ្តាញទឹកស្អាតនៅបណ្តារដ្ឋាករទឹកសាធារណៈ និងរដ្ឋាករទឹកស្វយ័ត-និងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មនិងប្រព័ន្ធចែកចាយថ្មី ។
ក្នុងនោះជាសំខាន់បានអនុវត្តនៅខេត្តស្ទឹងត្រែង ដេីម្បីឲ្យមានលទ្ធភាពពង្រីកវិសាលភាពការផ្គត់្គង់ទឹកឲ្យកាន់តែទូលំទូលាយនិងមានគុណភាព ពីព្រោះកន្លងមកខេត្តនេះ បានប្រេីបណ្តាញទឹកចាស់ដែលសល់ពីជំនាន់បារាំងប្រមាណ១០០ឆ្នាំមកហេីយ ។ ទន្ទឹមនឹងនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីការងារកែទម្រង់របស់ក្រសួងមួយចំនួនកន្លងមក និងផែនការអភិវឌ្ឃទៅថ្ងៃខាងមុខលេីវិស័យទឹកស្អាតផងដែរ ។
ឯកឧត្តម បានស្នេីឲ្យADB ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលេីកិច្ចការមួយចំនួន ដូចជា៖-ការបណ្តុះបណ្តាលធនធានមនុស្ស-ជួយគាំទ្រការងារផលិតទឹកដេីម្បីលក់ដុំ-ការសាងសង់អាងប្រព្រឹត្តិកម្មខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទឬតំបន់ឆ្ងាយខ្វះប្រភពទឹក-ការផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពត មកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង-ការបំពាក់Sensor ដេីម្បីតាមដានសម្ពាធទឹកនិងគុណភាពទឹកជាដេីម ។
លោកជំទាវJyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB)ដែលទេីបតែងតាំងថ្មី បានសម្តែងនូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្រោមគម្រោងកិច្ចសហប្រប្បត្តិការវាងក្រសួង និងADB ។ ជារួមឃេីញថាការងារមានកិច្ចសហការល្អ ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចលទ្ធផលតាមការរំពឹងទុក ។
លោកជំទាវបានបង្ហាញជំហរគាំទ្រ និងពង្រឹងកិច្ចសហប្រតបត្តិការបន្ថែមទៀតដេីម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជាសម្រេចបានតាមគោលដៅរបស់ខ្លួន។ ក្នុងនោះលោកជំទាវបានមេីលឃេីញពីការខិតខំរបស់កម្ពុជា ជាពិេសសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានខិតខំខ្លាំក្លាលេីវិស័យទឹកស្អាតនេះ បេីប្រៀបធៀបនឹងប្រទេសជិតខាងកម្ពុជាផលិតទឹកប្រកបដោយគុណភាព និងមានតម្លៃថោកជាងគេ ព្រមទាំងមានតម្លៃអនុគ្រោះដល់គ្រួសារក្រីក្រ និងបងប្អូនកម្មករ-កម្មការិនីរោងចក្រទៀតផង ។ លេីសពីនេះទៀត ក្រសួងបានសម្រេចកែប្រែការផ្តល់អជ្ញាប័ណ្ណទឹកស្អាតពីរយៈពេល បីឆ្នាំម្តង រហូតដល់២០ឆ្នាំម្តង ដែលជាការផ្តល់លំនឹងដ៏ប្រសេីរសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនលេីការងារវិនិយោគរបស់ខ្លួន ។