បុគ្គលិកអាដហុក និងគ.ជ.ប ត្រូវបានផ្តន្ទាទោសពន្ធនាគារពីបទសូកប៉ាន់សាក្សី ប៉ុន្តែត្រូវព្យួរ
អង្គការលីកាដូ នៅថ្ងៃទី២៦កញ្ញានេះ បានចេញផ្សាយថា បុគ្គលិកចំនួនបួនរូប របស់សមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងបុគ្គលិកម្នាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសនាថ្ងៃនេះ ពីបទសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធទៅនឹងករណីមួយផ្សេងទៀតដែលត្រូវដាក់ទៅលើមេដឹកនាំអតីតគណបក្សជំទាស់ លោក កឹម សុខា។
បុគ្គលិកទាំងបួនរូប ដែលរួមមានអ្នកស្រី លីម មុន្នី លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វង់ដា ត្រូវបានផ្តន្ទាទោសពន្ធនាគារចំនួន ៥ឆ្នាំ ដោយចៅក្រមចំនួនបីរូប ប៉ុន្តែទោសដែលនៅសល់ចំនួនជិត ៤ឆ្នាំ ត្រូវបានព្យួរ។ រយៈពេលដែលអ្នកទាំងប្រាំ បានជាប់ឃុំឃាំងក្នុងពន្ធនាគារ ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងទោសពន្ធនាគារ ដែលសម្រេចដោយចៅក្រមនាព្រឹកនេះផងដែរ ដូចនេះអ្នកទាំងប្រាំនឹងមិនត្រឡប់ចូលក្នុងពន្ធនាគារវិញនោះទេ។
នៅក្នុងអំឡុងពេលសវនាការ អ្នកទាំងនោះ ត្រូវបានសាកសួរអំពីការធ្វើការងាររបស់ខ្លួន និងការផ្តល់ការគាំទ្រដល់ឈ្មោះ ខុម ចាន់តារាទី ដែលត្រូវបានគេអះអាងថាជានារីកំណាន់របស់ឯកឧត្តម កឹម សុខា ហើយដែលបានមកអង្គការ អាដហុក ដើម្បីស្នើសុំជំនួយ នៅពេលនាងត្រូវបានសាកសួរដោយនគរបាលប្រឆាំងភេរវកម្ម។ អ្នកទាំងប្រាំ ត្រូវបានតុលាការសាកសួរពីការផ្តល់នូវជំនួយសម្ភារៈទៅដល់នាង ជាមួយនឹងការប្រឹក្សាផ្នែកច្បាប់។ ប្រធានចៅក្រមជំនុំជម្រះ លោក ឌុច សុខសារិន បាននិយាយថា បុគ្គលិកអាដហុកទាំងបួននាក់ បានលួងលោមឈ្មោះ តារាទី ឲ្យនិយាយកុហកអំពីទំនាក់ទំនងដែលត្រូវបានគេអះអាងថាជាទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ហើយនិយាយថា លោក នី ចរិយា បានធ្វើសកម្មភាពជាអ្នកសមគំនិត។
ឈ្មោះ ចាន់ តារាទី ដែលជាដើមបណ្តឹង និងជាសាក្សីសំខាន់មួយនៅក្នុងសវនាការ មិនមានវត្តមាននៅក្នុងតុលាការនោះទេ ហើយសេចក្តីថ្លែងការណ៍របស់សាក្សីចំនួនពីររូប ត្រូវបានអាន (ដែលជាសាក្សីក្នុងចំណោមសាក្សីចំនួនប្រាំពីររូបផ្សេងទៀតដែលអវត្តមាន) ដែលធ្វើឲ្យការសាកសួរឆ្លងរបស់មេធាវីចុងចោទ មិនអាចធ្វើទៅបាន។ មិនមានភស្តុតាងគួរឲ្យជឿជាក់ណាមួយ ត្រូវបានបង្ហាញដោយព្រះរាជអាជ្ញានោះទេ។
បុគ្គលិកបួននាក់របស់អង្គការ អាដហុក ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោស តាមមាត្រា ៥៤៨ ស្តីពី “អំពើសូកប៉ាន់សាក្សី” ហើយបុគ្គលិកមួយរូបរបស់គ.ជ.ប លោក នី ចរិយា (អតីតបុគ្គលិកអាដហុក) ត្រូវបានរកឃើញថាមានទោសពីបទសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ និង ២៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
អ្នកការពារសិទិ្ធមនុស្សទាំងប្រាំរូប ធ្លាប់បានជាប់ពន្ធនាគារបណ្តោះអាសន្នរង់ចាំសវនាការ អស់រយៈពេល ១៤ ខែ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ។ ការឃុំខ្លួននេះ ត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត ចាត់ទុកថាជាការឃុំខ្លួនមួយដែលមិនត្រឹមត្រូវ។ ការចាប់ខ្លួនអ្នកទាំងប្រាំ គឺជាផ្នែកមួយនៃការគាបសង្កត់ទៅលើអង្គការសង្គមស៊ិវិល សារព័ត៌មានឯករាជ្យ និងអ្នកការពារសិទិ្ធមនុស្សដទៃទៀត៕