ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារពិសេស , សម្តេចតេជោ ហ៊ុន សែន អំពាវនាឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ យកចិត្តទុកដាក់ការពារកូវីដ១៩ ក្នុងរដូវភ្ជុំបិណ្ឌ

78

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការយកចិត្តទុកដាក់បន្តទៀត ក្នុងការការពារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះពីជាការឆ្លងជំងឺនេះនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងហានិភ័យទាបក៏ដោយ។

សារពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដ-១៩នៅកម្ពុជា
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីឆ្នាំមុន រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចភ្លាមៗ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញថា ជំងឺនេះពេលនោះ បានវាយលុកខ្លាំងបង្កហានិភ័យធ្ងន់ធ្ងរ ដោយមានការឆ្លងនៅតាមទីវត្តអារ៉ាមមួយចំនួន បន្ទាប់ពីកាន់បិណ្ឌបាន៣ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បានណែនាំឱ្យ គណៈអភិបាលរាជធានី-ខេត្ត សម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។

ប៉ុន្តែទោះបីថា ជំងឺឆ្លងនេះវាស្ថិតនៅហានិភ័យទាបក៏ដោយចុះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមទីអារ៉ាមនានាពិសេសព្រះចៅអធិការវត្តនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋដែលទៅធ្វើបុណ្យទាន ត្រូវបន្តរក្សានូវវិធានការសុខាភិបាល ហើយយកចិត្តទុកថា ទៅលើការពារកុំឱ្យមានការឆ្លងនៅតាមទីអារ៉ាម និងនាំពីទីអារ៉ាមមកកាន់លំនៅដ្ឋានវិញ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់ការពារខ្លួន នៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ហើយសង្ឃឹមថា តាមទីអារ៉ាមនានាយកចិត្តទុកដាក់ឱ្យបានល្អ ជាមួយនឹងតាមឃ្លាំមើលរបស់អាជ្ញាធរ និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា វិធានការបីកុំបីការពារ នៅតែជាវិធានការល្អប្រសើរសម្រាប់ការពារជំងឺកូវីដ១៩។

អត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប៉ុន្មានខែចុងក្រោយនេះ បានធ្លាក់ចុះនៅកម្រិតទាបបំផុត គួរឱ្យកត់សម្គាល់។ រយៈពេល ១សប្តាហ៍មកនេះ អត្រាឆ្លងជងឺកូវីដ១៩ ប្រចាំថ្ងៃ ស្ថិតនៅក្រោម១០នាក់ ខណៈដែលករណីស្លាប់ដោយកូវីដ១៩ មិនមាននោះទេ ចាប់តាំងពីខែមេសា ឆ្នាំ២០២២មក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការឆ្លងនៅក្នុងកម្រិតទាបបំផុត ហើយស្ថិតក្នុងស្ថានភាពស្រាលនាពេលនេះ គឺជាជោគជ័យរបស់កម្ពុជា ក្នុងការការគ្រប់គ្រងកូវីដ១៩។ សម្តេចបញ្ជាក់ថា ចំណុចទាំងនេះបង្ហាញអំពីភាពជោគជ័យ នៃនយោបាយវ៉ាក់សាំងរបស់យើង ក្នុងនោះអាចចាត់ទុកថា នេះជាយុទ្ធសាស្ត្រវ៉ាក់សាំងដ៏ជោគជ័យរបស់កម្ពុជា ដែលយើងបានប្រឹងប្រែងរកទិញ និងការផ្តល់ជំនួយពីមិត្តភក្តិនៅខាងក្រៅមកសម្រាប់យើង។

សម្តេចបន្តថា អ្វីដែលសំខាន់ មានវ៉ាក់សាំងហើយ មិនប្រាកដថាទទួលបានជោគជ័យទេ ប្រសិនបើព្រះសង្ឃ និងប្រជាពលរដ្ឋ មិនទទួលយកនូវការចាក់វ៉ាក់សាំង តែវ៉ាក់សាំងយើងបានចាក់ក្នុងកម្រិតខ្ពស់បំផុត នៅក្នុងចំណោមនៃប្រទេសដែលខ្ពស់ ដែលយើងគ្រប់គ្រងបាននូវសភាពការណ៍នេះ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលឆ្នាំនេះ គ្មានហានិភ័យធ្ងន់ធ្ងរដូចឆ្នាំមុន ដោយសារតែពលរដ្ឋមានវ៉ាក់សាំង និងការឆ្លងមានកម្រិតស្រាល។ សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំនេះ យើងទាំងអស់គ្នាបានធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី ពុទ្ធសាសនារបស់យើង ទឹកមុខព្រះសង្ឃ ប្រជាពលរដ្ឋ ក្នុងនោះក៏រាប់ទាំងអាជីវករផងដែរ រីករាយដោយសារតែតម្រូវការនៃការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋមានខ្ពស់ តម្រូវការនៃការលក់ដូរក៏បានដាច់ ហើយប្លែកគ្នាយ៉ាងច្រើនកាលពីឆ្នាំកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង