កីឡាវាយកូនគោលកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាល ច្បាប់កម្រិត២
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់កីឡា
វាយកូនគោលកម្រិត២ (R&A Leve l2 Rules Seminar 2022) ជូនដល់គណៈកម្មការអាជ្ញា
កណ្តាលសមាជិកសមាជិកាសហព័ន្ធតំណាងទីលានវាយកូនគោលទូទាំងប្រទេសនិងកីឡាករកីឡាការិនីនិងអ្នកស្នេហាកីឡាវាយកូនគោលរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌេន ស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកស្រី ហេង ស្រីពៅ សមាជិកប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអោយដឹងថាវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបំពាក់បំប៉នច្បាប់កីឡាវាយកូនគោលជូនកីឡាករកីឡាការិនីសមាជិកក្លឹបនិងសមាជិកទីលានវាយកូនគោលនិងអ្នកស្នេហាវិស័យកីឡាវាយកូនគោលទាំងអស់ ឲ្យទទួលបានបទពិសោធន៍ និងជំនាញពិតប្រាកដ ដើម្បីក្លាយជាគ្រូបង្គោលបង្ហាត់បង្រៀននិងបណ្តុះបណ្តាលបន្តដល់បុគ្គលិកនិងសមាជិកក្លឹប
របស់ទីលានវាយកូនគោលនីមួយៗរបស់ខ្លួន។
វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យពួកគេយល់ដឹងអំពីច្បាប់កីឡាវាយកូនគោលនិងបង្កើនសមត្ថភាពគណៈកម្មការអាជ្ញាកណ្តាលក្នុងកម្រិតអន្តរជាតិជាពិសេសជំរុញនិងលើកកម្ពស់
សមត្ថភាពកីឡាករ កីឡាការិនីជាតិ ឱ្យមានសក្តានុពល គុណផលកីឡា បច្ចេកទេស លេងកីឡាកម្រិតអន្តរជាតិ និងសំដៅដល់ការរៀបចំមន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ដើម្បីត្រៀមសហការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធគឺត្រូវការគណៈកម្មការបច្ចេកទេសជំនាញចំនួន ៦៨នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ១២នាក់ អាជ្ញាកណ្តាលអន្តរជាតិ ៧នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតនានា ទាំងជាតិ និងអន្តរជាតិ។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិត២នេះសហព័ន្ធមានគម្រោងនឹងបញ្ជូនមន្រ្តីដែលមានជំនាញច្បាស់លាស់ចេះភាសាចេះព័ត៌មានវិទ្យានិងយល់ច្បាស់ពីច្បាប់កីឡាវាយកូន
គោលអន្តរជាតិទៅសិក្សាស្វែងយល់បន្ថែមនៅក្រៅប្រទេសនិងចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ អោយបានច្រើនដង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសអោយបានល្អ មុនការមកដល់ស៊ីហ្គេម នៅកម្ពុជា។
វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២នេះមានសិក្ខាកាមតំណាងទីលានវាយកូនគោលទូទាំងប្រទេស សរុប ១៥រូប និងកីឡាករ កីឡាការិនី សរុប ២០រូប។ វគ្គនេះ មានសារប្រយោជន៍ដ៏សំខាន់ក្នុងការកសាងគុណផលកីឡាវាយកូនគោលលើជំនាញស្តីពី
ច្បាប់កីឡាវាយកូនគោលដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាSEA Gamesលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាកំពុងខ្វះខាតមន្ត្រីអាជ្ញាកណ្តាលកម្រិតជាតិ និងអន្តរជាតិ៕