ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងប្រារព្ធទិវា ទេសចរណ៍ពិភពលោក២០២២ នៅថ្ងៃទី៣ តុលាខាងមុខ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

61

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឲ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះតាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។

ន័យដូចខាងលើ ក្រសួងទេសចរណ៍នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

ដើម្បីអបអរសាទរប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍បានរចនាផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អមជាមួយរូបភាពតំបន់គោលដៅទាក់ទាញទេសចរណ៍កម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអញ្ជើញមន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៏ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជិវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ឱ្យបានច្រើនកុះករ និងទាក់ទងក្រសួងយកផ្ទាំងរូបភាព (Poster) ផ្សព្វផ្សាយឲ្យបានផុសផុល៕

អត្ថបទដែលជាប់ទាក់ទង