សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ
សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបានមានប្រសាសន៍តំបន់រមណីយដ្ឋានអង្គររបស់យើង សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ជាពិសេសលើព្រះរាជកិច្ចការពារ និងថែរក្សា។
ព្រះអង្គបានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្ដេចបានគាំទ្រទាំងស្រុង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា តំបន់រមណីយដ្ឋានអង្គរពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ហើយនោះ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។សម្តេចតេជោបានមានប្រសាសន៍ថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់សម្រាប់ការរក្សាសម្បត្តិវប្បធម៌របស់ដូនតាយើង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងទ័ពឱ្យជួយដឹកជញ្ជូនសម្ភារៈប្រជាពលដែលរដ្ឋរុះរើពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ សម្តេចតេជោ ក៏បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋព្រមរុះរើសំណង់ទាំង ១,១១៧គ្រួសារ រួមមានអង្ករ ៥០គីឡូក្រាម មី ៦កេសតូច ត្រីខ ១កេសធំ ថវិកា ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ ១លានរៀល។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភស័ង្កសីជូនពលរដ្ឋមួយគ្រួសារ ៣០សន្លឹក និងថវិកាសម្រាប់ធ្វើបង្គន់អនាម័យចំនួន២០ម៉ឺងរៀល។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌(ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកនេះ។ សម្តេចតេជោក៏បានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់ចែងរៀបចំបណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់សុពលភាព ១០ឆ្នាំ ផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯកនេះ និងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិនេះ ដែលមានប្រវែងសរុប ១៤០គីឡូម៉ែត្រ ខណ:ដែលបច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។ សម្តេចតេជោក៏ណែនាំឱ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចាប់ផ្តើមតប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក នេះ ដែលត្រូវចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យខាងអគ្គិសនីកម្ពុជាក៏ត្រូវរៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់បក្សនយោបាយកុំប្រើរឿងដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញផ្នែកនយោបាយ ព្រោះជាតម្រូវការរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ៕