ក្រុមការងារថា្នក់ជាតិចុះជួយខណ្ឌកំបូល បាននាំយកទេយ្យទាន និងបច្ច័យមួយ ចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា បិណ្ឌវេនទី៣ នៅវត្តអង្គត្រគៀត និងវត្តគោកខ្សាច់
ភ្នំពេញ៖ លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌកំបូល រួមទាំងមន្រ្តីអ្នកមុខអ្នកការក្រោមឱវាទ ក្រុមការងារចុះជួយខណ្ឌកំបូល និងថ្នាក់ដឹកនាំខណ្ឌកំបូល អាជ្ញាធរសង្កាត់ និងពុទ្ធបរិស័ទមួយចំនួន
ផងនោះ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទំនាមព្រះពុទ្ធសាសនា នៅវត្តអង្គត្រគៀត ក្នុងសង្កាត់កន្ទោក និង វត្តគោកខ្សាច់ ស្ថិតក្នុងសង្កាត់ ប្រទះឡាង. ខណ្ឌកំបូល រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ ។
ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេនទី៣ បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះ ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន៖ មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅ ព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិ ឱ្យបានជួបនូវសេចក្តីសប្បាយ ជារៀងដរាបទៅ។
សូមបញ្ជាក់ថា៖ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរព្រោះពិធីនេះមានរយៈ ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោចដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោចគេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថាថ្ងៃជួបជុំគ្នាចុង ក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យ នេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩៕ .សំរិត