ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំវិន័យមុនពេល ចេញទៅហ្វឹកហាត់ រយៈពេលវែងនៅចិន

74

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)តំណាងឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC មានប្រសាសន៍ថាការចេញទៅហ្វឹកហាត់ នៅប្រទេសចិន រយៈពេលវែងនេះគឺជាការត្រៀមនៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។

ឯកឧត្តមមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១៣កញ្ញាជាមួយអ្នកដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់លើ១២ប្រភេទកីឡាដែលបានមកចូលរួមទទួលយកអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំកីឡា ត្រៀមចេញទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន។ត្រូវថែរក្សាកិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិជាធំដើម្បីត្រៀមប្រកួតប្រជែងមេដាយនាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដោយថ្នាក់ដឹកនាំបានឲ្យក្រុមជម្រើសជាតិយកការហ្វឹកហាត់នេះជាបេសកកម្មពិសេស។

គម្រោងការហ្វឹកហាត់នៅប្រទេសចិន គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងប្រជាជនជនដែលជាមិត្តដែកថែបដ៏យូរអង្វែងរវាងកម្ពុជានិងចិន។នេះជាសមិទ្ធផលនៃវិស័យកីឡាកម្ពុជាដែលរដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជំនួយឥតសំណងលើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា នៅប្រទេសចិនដើម្បីស្វែងរកកម្រិតគុណភាពកាន់តែខ្ពស់ក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
ឯកឧត្តមអគ្គលេខាធិការបានផ្តល់ការណែនាំដល់ក្រុមជម្រើសជាតិទាំង១២ប្រភេទកីឡាត្រូវខិតខំហ្វឹកហាត់តាមកម្មវិធីឲ្យបានគត់មត់ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ស៊ីហ្គេម ២០២៣។ ដូច្នេះសូមកីឡាករ កីឡាការិនីទាំងអស់ត្រូវយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្តខិតខំហ្វឹកហាត់ឲ្យបានមុតមាំបំផុត ដើម្បីស្រូបទាញមកវិញនូវសិទ្ធផល គុណផលកីឡាកម្រិតខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាកម្ពុជាទាំងមូល ហើយយើងទាំងអស់គ្នា ត្រូវតែខិតខំប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត និងចាត់ទុកថា នេះជាបេសកកម្មពិសេស ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
ក្នុងអំឡុងពេលហ្វឹកហាត់សូមរៀបចំខ្លួនឲ្យបានល្អក្នុងការកសាងមិត្តភាពជាមួយគ្រូ
បង្វឹកកីឡាករកីឡាការិនីចិននិងប្រជាជនចិនដែលពួកគាត់នឹងចែករំលែកចំណេះជំនាញដល់ការហ្វឹកហាត់ដ៏មានសារសំខាន់នេះ។ក្នុងពេលហ្វឹកហាត់នេះសំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់ទទួលយកនូវការលំបាកការតស៊ូការប៉ះទង្គិចនានាដែលនឹងកើតមានឡើងក្នុងពេលហ្វឹកហាត់។
ត្រូវគោរពឲ្យបានជាដាច់ខាតនូវពេលវេលាហ្វឹកហាត់ វិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិឲ្យបានពីព្រោះការចេញទៅហ្វឹកហាត់នេះគឺក្រុមជម្រើសជាតិទាំងអស់ទៅ
ក្នុងនាមជាតិទាំងមូលទៅក្នុងនាមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជាចិនក្នុងកម្រិត
រដ្ឋាភិលបាលនៃប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។
ឯកឧត្តមWu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មតំណាងឯកអគ្គរដ្ឋទូត
ចិនប្រចាំកម្ពុជាមានប្រសាសន៍ថានេះជាកិច្ចសហការគ្នាដោយភាគីចិនបានផ្តល់ការគាំទ្រ
យ៉ាងពេញទំហឹងក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ជូនដល់ក្រុមជម្រើសជាតិកម្ពុជាទាំងការរៀបចំទិដ្ឋាការជើងហោះហើររបស់មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា។ជាមិត្តដែកថែបនិងជាសហគមន៍រួមជោគវាសនាគ្នា ទ្វេរភាគី ដែលកំពុងអភិវឌ្ឍកម្រិតខ្ពស់រយៈពេលជាយូរមកហើយ។
ឯកឧត្តមបន្ថែមថាដើម្បីគាំទ្រដល់ដំណើរការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣របស់កម្ពុជារដ្ឋាភិបាលចិនមិនត្រឹមតែបានអនុវត្តគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំកីឡាស៊ីហ្គេម ២០២៣ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលចិនថែមទាំងបានអនុវត្តគម្រោងអភិវឌ្ឍបច្ចេកទេសកីឡាសម្រាប់កម្ពុជា។

ជំនួយឥតសំណងនេះគឺដើម្បីជួយលើកកម្ពស់នៃការប្រកួតកីឡារបស់កម្ពុជាតាមរយៈការរៀបចំហ្វឹកហាត់រួមផ្សំគ្នា។ ការអនុវត្តគម្រោងទាំងនេះពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅណាស់ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរចិន កម្ពុជាឲ្យ
កាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។បន្ថែមពីលើនេះរឹតចំណងសាមគ្គីភាពបន្ថែមលើការស្រឡាញ់គ្នានៃប្រជាជនប្រទេសទាំងពីរ។
ឯកឧត្តមWu Gouquan សង្ឃឹមថា កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាដែលចេញ
ទៅហ្វឹកហាត់នៅប្រទេសចិន នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះនឹងបន្តការហ្វឹកហាត់ឲ្យបានបច្ចេកទេសកម្រិតខ្ពស់ដើម្បីត្រឡប់មក ចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាឲ្យទទួលបានលទ្ធផលល្អជាផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង