ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិឡាភ្លោះសម្រាប់ម្ចាស់ខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា

95

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥បានប្រកាសជាផ្លូវការនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់៦០គីឡូកាមដើម្បីកីឡាករគុនខ្មែរឆ្នើមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ការប្រកួត។
នេះជាការប្រកួតដែលមានពានរង្វាន់ធំដែលជើងឯកនឹងទទួលបានវីឡាភ្លោះដែលវីឡាភ្លោះនោះអ្នកដែលប្រជែងបានអាចមានសិទ្ធលក់មួយចំហៀងឬលក់ទាំងមូលក៏បានក្រៅពីនេះក៏នៅមានរង្វាន់អមចំនួន៦.០០០.០០០រៀលទៀត។

ជើងឯករង(ចំណាត់ថ្នាក់លេខ២បានទទួលដីមួយឡូតិ៍ដែលមានទំហ៊ំ១០ម៉ែត្រគុណ២០ម៉ែត្រអមដោយប្រាក់រង្វាន់៥.០០០.០០០រៀល។លេខ៣និងលេខ៤បានទទួលដីមួយឡូតិ៍ដូចគ្នាដែលមានទំហ៊ំ៥ម៉ែត្រគុណ២០ម៉ែត្រចំពោះរង្វាន់ជាថវិកាលេខ៣បាន៤.០០០.០០០
រៀល និងលេខ៤បាន៣.០០០.០០០រៀល។សូមបញ្ជាក់ថាវីឡានិងដីនោះស្ថិតនោះបូរីភូមិឋានសំណាងខេត្តសៀមរាប។
ក្នុងសន្និសីទសារព័ត៌មានការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ មានការអញ្ជើញចូលរួមពិធីពីសំណាក់លោកនាយកឧត្តមសេនីយ៍ឃឹមប៊ុនសុងរដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ថាការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនាប្រភេទទម្ងន់៦០គីឡូកាមមានកីឡាករ៨នាក់សុទ្ធសឹងជាកីឡាករឆ្នើមមានបទពិសោធន៍ពេញខ្លួនកាន់តែធ្វើឲ្យព្រឹត្តិការណ៍កកើតលើសង្វៀនគុនខ្មែរ។
ការប្រកួតជាផ្លូវការនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹសខ័ណ្ឌដង្កោរាជធានីភ្នំពេញនិងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រនៅភូមិឋានសំណាងស្ថិតនៅភូមិឃុំ ស្រុកប្រាសាទបាគងខេត្តសៀមរាប។
ការប្រកួតចែកចេញជា២ពូលដោយពូលនីមួយៗមាន៤រូប។

ពូលនីមួយៗជ្រើសរើសយក២រូបដែលមានពិន្ទុលើសគេឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយលេខ១
ពូលAជួបលេខ២ពូលBនិងលេខ២ពូលAជួបលេខ១ពូលB ។
អ្នកប្រដាល់ទាំង៨រូបនោះមានឃុន បូរ៉ាសមាគមក្រសួងការពារជាតិឡុង ជិនក្រសួង
មហាផ្ទៃទូច ដេវីដក្លិបអារុណរះកីឡាខេត្តកណ្ដាល សៀវ ង៉ុយក្លិបអភិរក្សគុនខ្មែររុងរឿង ឈុត
សេរីវ៉ាន់ថងក្លិបរាហ៊ូខេត្តបាត់ដំបងរិន ដេវីដក្លិបនាគរាជចតុមុខ សូត្រ វាសនាក្លិបបក្សីស្លាប
ដែក និងគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប។
លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានអំពាវអំនាវដល់មន្ត្រីបច្ចេកទេស ជាពិសេសអាជ្ញាកណ្តាលនិងចៅក្រមប្រដាល់គុនខ្មែរត្រូវកាត់ក្តីឲ្យបានត្រឹមត្រូវចាប់ផ្តើមពីដើមរហូតដល់ចប់ ព្រោះនេះជាការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិដោយសារកន្លងមកធ្លាប់មានរឿងជាច្រើនលើការកាត់ក្តីនេះ៕

អត្ថបទដែលជាប់ទាក់ទង