ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមប្រធានរដ្ឋវៀតណាម​ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភាមានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ

41

វៀតណាម៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្ដម ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពក្នុងប្រទេសវៀតណាមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា​ សម្តេចប្រធានរដ្ឋសភា ជាវីរៈជនកំពូលមួយរូប ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋបានចូលរួមអបអរសាទរចំពោះសមិទ្ធផលទំាងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន​ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។​ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋសភា​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ថានឹងធ្វើឲ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភានិងរដ្ឋាភិបាលក៏ដូចប្រជាជននៃប្រទេសទំាងពីរកាន់តែស្អិតរមួតឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួប ឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម នៅកម្ពុជា កាលចុងឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទកភាព។ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៣ របស់ បក្សកុម្មុយនីស្តវៀតណាម។

ឆ្លៀតឱកាសនោះ សម្តេច​ បានថ្លែងអំណរគុណ ចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្ន កំពុងមមាញឹកក្នុងការអនុវត្តការសាងសង់ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា នៅចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ឈាម ជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩។

សូមជម្រាបថា​ នៅមុនពេលចូលជួបសម្តែងការគួរជាមួយឯកឧត្តមប្រធានរដ្ឋ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា​ និងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង