សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ លោក ខឹម វាសនា ចេញមុខបកស្រាយចំពោះរឿងបំភ្លៃថា សម្តេចនៅពីក្រោយការប្រមូលផ្តុំនៅជើងភ្នំគូលែន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ លោក ខឹម វាសនា និងអ្នកគាំទ្រ ឱ្យចេញបកស្រាយចំពោះការញុះញង់ និងបំភ្លៃថា សម្តេចនៅពីក្រោយព្រឹត្តិការណ៍ជួបជុំ ឯជើងភ្នំគូលែន ដើម្បីបង្វែចេញពីព្រឹត្តិការណ៍ផ្សេងទៀត។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចបានប្រាប់ទៅ លោក ខឹម វាសនា ដែលកំពុងតាំងខ្លួនជាព្រះព្រហ្មនោះ អំពីការញុះញង់របស់ក្រុមអគតិ ដែលមានការជំរុញលើកទឹកឱ្យសម្តេច បង្ក្រាប និងចាប់ លោក ខឹម វាសនា ដាក់ពន្ធនាគារ ដោយប្រើប្រាស់ពាក្យថា ឱ្យខឹម វាសនា ធ្វើសមាធិ នៅក្នុងគុក។
សម្តេចបានបញ្ជាក់ថា «វាចង់ប្រើកម្លាំងយើងនេះទៅបង្ក្រាបងប្អូន នេះគ្រានតែជាអបិយជំនឿទេ ការប្រមូលផ្តុំ ខ្ញុំមិនយកកម្លាំងទៅបង្ក្រាបកម្លាំង ដែលគ្រាន់តែមកមានជំនឿខុសរឿង អញ្ចឹងខាងឯកឧត្តម ខឹម វាសនា មានគេថា “ខ្ញុំបានបញ្ជាឯកឧត្តម ដើម្បីធ្វើរឿងហ្នឹង” អញ្ចឹងឯកឧត្តម គួរតែឆ្លើយតប ឬអ្នកគាំទ្រឯកឧត្តម ខឹម វាសនា ឆ្លើយតបបើ ហ៊ុន សែន បញ្ជាព្រះព្រហ្មបានហើយ អាហ្នឹងគឺល្អហើយ អញ្ចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា»។
សម្តេចបានបន្ថែមថា៖ «ខ្ញុំអំពាវនាវទៅឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឱ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍ ដើម្បីបង្វែពីរឿងនេះរឿងនោះ វាចោទទៅអញ្ចឹង អញ្ចឹងមានតែឯកឧត្តម ខឹម វាសនា ទេ តើឯកឧត្តម សុខចិត្តឱ្យគេចោទថា ជាអាយ៉ងរបស់ខ្ញុំ អ្នកគាំទ្រឯកឧត្តម ជាអាយ៉ងរបស់ខ្ញុំ ឬក៏ឯកឧត្តម ចេញមុខបដិសេធ»។
សម្តេចបានលើកឡើងថា ប្រជាពលរដ្ឋដែលទៅប្រមូលផ្តុំជាមួយ លោក ខឹម វាសនា នៅនិយាយគ្នាបានទេ ប៉ុន្តែបញ្ហាខ្លះគឺនៅត្រង់ថា កូនមិនស្គាល់ឪពុក ប្តីប្រពន្ធខ្លះ បែកបាក់គ្រួសារ ដោយសាររឿងផ្សេងៗ។ សម្តេចតេជោ បានអំពានាវឱ្យប្តីប្រពន្ធ ឪពុកម្តាយ និងកូន មានការយោគយល់គ្នា។
សម្តេចតេជោ បានលើកឡើងថា បើសម្តេចធ្វើតាមការញុះញង់របស់ក្រុមអគិត ដើម្បីបង្ក្រាបនោះ ក្រុមលោកខឹម វាសនា មិនដឹងជាចូលគុក ឬរបួសស្លាប់ប៉ុន្មាននាក់ទេ។ ទេ។
សម្តេចបានបន្តថា ព្រោះនៅក្បែរនេះមានអ្វីពិបាក ដីប្រមាណ១០ហិកតាហ្នឹង មានអ្វីពិបាក បើសិនជាប្រើចុងកាំភ្លើងនោះ ប៉ុន្តែរឿងនេះ វាមិនមែនជាជម្រើស ហ៊ុន សែន ត្រូវប្រើនោះទេ ជម្រើសហ៊ុន សែន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ នរណាចង់ផ្តួលរំលំ អ្នកនោះត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ។
សម្តេចបានប្រកាសថា មិនដែលមាននរណាធ្វើនាយករដ្ឋមន្ត្រី ហើយទុកឱ្យអ្នកដទៃមកផ្តួលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នករិះគន់លើអង្គរក្សរបស់សម្តេចផងដែរ ដោយសម្តេចលើកឡើងថា នរណាក៏ដោយ ដែលប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកហ្នឹងប៉ុនប៉ងធ្វើរដ្ឋប្រហារ៕