ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម អំពាវនាវឲ្យបើកបរគោរពច្បាប់ចរាចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីបញ្ច្រៀសនូវគ្រោះថ្នាក់ដលអាយុជីវិត

87


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរផ្លូវគោក គោរពច្បាប់ចរាចរណ៍ ក្នុងឱកាសពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ។

បើតាមសេចក្ដីអំពាវនាវ នាថ្ងៃទី២៦ ខែកញ្ញា សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើន លើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរផ្លូវគោកនាពេលកន្លងទៅ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០តុលា ឆ្នាំ២០១៨ ខាងមុននេះ យានយន្តធ្វើចរាចរណ៍នឹងមានកំណើនកើនឡើង ខ្ពស់ខុសប្រក្រតី ដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរ ឬការកកស្ទះចរាចរណ៍ ក្នុងពិធីបុណ្យនានាកន្លងទៅ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ អនុវត្តតាមការណែនាំដូចខាងក្រោម៖ ១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺជាដើម។ ២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវឱ្យពួកគេជិះលើដំបូល ពិសេសសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនោះ។ ៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។ ៤៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។ ៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។ ៦៖ មិនត្រូវបើកលើសល្បឿងកំណត់ជាដាច់ខាត។ ៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ ៨៖ មិនត្រូបត់ ឬវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ឬធ្វេសប្រហែសជាដាច់ខាត។ ៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ៕

ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវរបស់សម្ដេចក្រឡោហោម ស ខេង៖

អត្ថបទដែលជាប់ទាក់ទង