ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ និងសម្រេចបានកំណើនក្នុងរង្វង់ ៣, 0%

78

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប លោកជំទាវ Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវ មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២, នៅរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២, វេលាម៉ោង ០៣ រសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមួយនឹងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកជំទាវ Kanni Wignaraja មកកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ ដ៍ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវី១៩ នៅកម្ពុជា និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ ២០២៣” ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវី១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅ រកមាគ៌ា នៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ “យុទ្ធសាស្ត្រ” នេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំង ចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពល នៃចម្ជុល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើក ឡើង ដូចជា ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងដែលកាន់តែពិពិតកម្មក៏ដូចជាដើម្បីកសាងភាពធន់រឹងមាំនៃសង្គម-សេដ្ឋកិច្ច។ ជាក់ស្ដែង, សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ និងសម្រេចបានកំណើនក្នុងរង្វង់ ៣, 0% ហើយសម្រាប់ឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ ថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រេចបានក្នុងរង្វង់ ៥,៦% ដោយផ្អែកលើ កំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការ រីករាលដាលនៃជំងឺកូវី១៩ នឹងមានភាពធូរស្រាល ដោយសារការទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅកម្ពុជា និងស្របពេលកម្ពុជាបន្ត សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី (new normal) ។

លោកជំទាវ Kanni Wignaraja ក៏បានសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសតាមគោលដៅក្នុងល្បឿនលឿន ដែលអនុញ្ញាតឱ្យកម្ពុជា អាចចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ដែលនេះ គឺជាការព្យាយាមកសាងត្បុល្យភាពរវាងការការពារ សុខភាព និងអាយុជីវិតរបស់ប្រជាជន និងការចាប់ផ្តើមសកម្មភាពស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ។ ក្នុងឱកាសនេះដែរ លោកជំទាវ Kanni Wignaraja ក៏បានរំលឹកអំពីអនុស្សាវរីយ៍ ដែលលោកជំទាវបានជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៣០ ឆ្នាំមុន ហើយលោកជំទាវសង្ឃឹមថានឹងមានឱកាសជួបសម្ដែងការគួរសម ជាមួយសម្តេចតជានាយករដ្ឋមន្ត្រី ម្តងទៀត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងកោតសរសើរចំពោះ ការអភិវឌ្ឍប្រែប្រួល និងការរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជាក្នុងរយៈពេលខ្លីចុងក្រោយនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ UNDP ក្នុងការចូល រួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងចាក ចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ និងជឿជាក់ថាដំណើរទស្សនកិច្ចរបស់ លោកជំទាវ Kanni Wignaraja ពេលនេះ នឹងរួមចំណែកដល់ការគាំទ្រកម្ពុជាក្នុងការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ប្រកបដោយភាពរឹងមាំ និងភាពធន់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត ក៍ដូចជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា-UNDP ឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង