ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

80

 

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមាន លើសាកលលោកនាពេលបច្ចុប្បន្ន បណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

អត្ថបទដែលជាប់ទាក់ទង