កិច្ចប្រជុំរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជននេះ បានពិភាក្សាលើរបៀបវារៈចំនួន ៥ ដើម្បីពិនិត្យ និងបន្តដោះស្រាយបញ្ហា ក្តីកង្វល់ និង សំណូមពររបស់ វិស័យឯកជន
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) ដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និង បន្តដោះស្រាយបញ្ហា ក្តីកង្វល់ និង សំណូមពររបស់ វិស័យឯកជន ដោយមានការចូលរួមពីសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ និង ធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម សេដ្ឋកិច្ចឡើងវិញ ក្រោយពី មានភាពរអាក់រអួលអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និង កម្ពុជាមានភាពសុំ សហគមន៍ពេញលេញ ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី , នាព្រឹកថ្ងៃទី ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ និងសំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និង យុត្តិធម៌ ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ច ប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និង មានតម្លាភាព ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ និង បទ ប្បញ្ញាត្តិ ដែលមានជាធរមាន ។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ៥ រួមមាន : ១. ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំងពាណិជ្ជកម្ម ៦. ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និង ក្លែងក្លាយ), ៣. ពន្ធលើការផ្ទេរភាគហ៊ុន ៤. សិទ្ធិផ្ដាច់មុខ និងការនាំចូលយានជំនិះម៉ូដែលចុងក្រោយបំផុត ខណៈអ្នកផ្សេងទៀតកំពុងកាន់សិទ្ធិផ្តាច់មុខ និង ៥ អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក និង សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ ។
ជាលទ្ធផល, កិច្ចប្រជុំបានដោះស្រាយបញ្ហា និងធ្វើការបំភ្លឺនានា ដែលវិស័យឯកជនបានលើកឡើង ដោយបានដាក់ចេញនូវវិធានការ យន្តការ និង ការងារបន្ទាប់ សម្រាប់ក្រសួង-ស្ថាប័នតាមសមត្ថកិច្ចរៀង ខ្លួនៗ បន្តបំពេញភារកិច្ច និង សម្រេចឱ្យបាន ដែលឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន ពិសេស សម្រាប់ការរៀបចំកិច្ចប្រជុំលើកក្រោយទៀត ។ ផ្អែកតាមនេះ វិស័យឯកជនក៏បានឯកភាព និង បន្តសហការ ចូលរួមអនុវត្ត ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាសហសេវិកទាំងអស់ ទាំងខាងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូវិស័យឯកជន និងបានជូនពរឱ្យទទួលបានសុខភាពល្អ ជ័យជំនះគ្រប់ភារកិច្ច និង ទទួលបានសុភមង្គលក្នុងក្រុមគ្រួសារ ៕