សម័យមុនធ្វើសង្គ្រាមប្រដាប់អាវុធការពារជាតិសម័យនេះ ធ្វើសង្គ្រាមលើសមរភូមិការទូត នៅឆាកអន្តរជាតិបម្រើជាតិដូចគ្នា
ភ្នំពេញ៖ នៅក្នុងហកវេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ព្រឹកថ្ងៃទី២៧ កញ្ញានេះមុនចេញដំណើរទៅចូលរួមមហាសន្និបាត អន្តរជាតិនៅទីក្រុងញូយកសហរដ្ឋអាមេរិក សម្ដេចតេជោសែនបានរំលឹកពីអត្តន័យចំរៀងមួយបទ ពីសម័យមុនថាខ្មែរគ្រប់គ្នាស្គាល់បទ ដ៏ពេញនិយមមួយដែលមានចំណងជើងថា លាទៅបម្រើជាតិ ។ តែសម័យនោះគឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។ តែសម្រាប់
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។ កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។ ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹង និងស្មុគស្មាញ។
ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។
ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញីវយ៉ក។ សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕