រឿងសំខាន់មួយ ដែលអាស៊ានត្រូវគិតគូរបន្ថែមទៀតនោះ គឺការឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងនិន្នការថ្មីៗ
សៀមរាប៖ ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងនូវរឿងសំខាន់មួយ ដែលអាស៊ានត្រូវគិតគូរបន្ថែមទៀតនោះ គឺការឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងនិន្នការថ្មីៗ នៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល (ការបង្កើតនូវរបៀប នៃការធ្វើពាណិជ្ជកម្មសកល)។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ លើទឹកដីអង្គរខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាដើម កំពុងជំរុញឲ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្ម ក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា មិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឲ្យបណ្តាប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឲ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ។
ក្នុងន័យនេះ អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឲ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឲ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលសម្ដេចធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើក នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការជឿជាក់ថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យតំបន់របស់យើងអាចប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
សម្ដេចបន្ថែមថា ដោយជំនឿទៀតថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកប ដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ» និងឈរលើជំហរ នៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង៕