ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដាក់ប្រព័ន្ធលូនិងស្ថាបនាផ្លូវបេតុង បឹងតាម៉ាត នឹងបញ្ចប់ការដ្ឋាន របស់ខ្លួននៅមុនបុណ្យភ្ជុំបិណ្ឌនេះ

223

 

ភ្នំពេញ៖ ការដាក់លូនិងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ ដែលមានប្រវែងជាង១គីឡូម៉ែត្រ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ដោយគ្រោងនឹងរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ១៤ កញ្ញានេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវចាក់បេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ មានទទឹង៨ម៉ែត្រ កំរាស់២តឹកនិងមានប្រវែងជាង១គីឡូម៉ែត្រ ។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់បេតុងបឹងតាម៉ាតនេះ ជាផ្លូវមានសារៈសំខាន់មួយក្នុងការដោះចរាចរចេញពីផ្លូវ៣៧១និងផ្លូវ២១៧ ។ គិតត្រឹមថ្ងៃ១៤ កញ្ញានេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ក្នុងនោះសម្រាប់ការងារដាក់លូ ទំហំ១ម៉ែត្រកន្លះx២ម៉ែត្រ និងការដាក់លូ ទំហំ១ម៉ែត្រនៅផ្លូវបេតុងនេះ ក្រមការងារដាក់លូ សម្រេចការងាររបស់ខ្លួន១០០%ហើយ ។ ចំណែកការងារស្ថាបនាផ្លូវបេតុងវិញ ការដ្ឋានទាំងមូលសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួល។

លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ការដាក់លូនិងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោនេះនឹងធ្វើអោយតំបន់នេះលែងទទួលរងនូវកាេលិចលង់ដោយជំនន់ទឹកភ្លៀងដូចពេលមុនទៀតហើយ ហើយការរំដោះចរាចរវិញក៏កាន់តែប្រសើរជាងមុនផងដែរ។

គួររំលឹកផងដែរ ដោយការគិតគូរនិងការយកចិត្តទុកដាក់ពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី០២ធ្នូ ឆ្នាំ២០២១កន្លងនេះ លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងបឹងតាម៉ាតនេះជាក់ស្តែង ហើយខណៈចុះពិនិត្យទីតាំងនេះកាលណោះ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនាប្រព័ន្ធលូជាមុនសិន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ បន្ទាប់មកត្រូវស្ថាបនាផ្លូវបេតុងតែម្តង។ តែអ្វីដែលជាការកត់សំគាល់ គឺការងារដាក់លូ គិតមកដល់ពេលនេះ សម្រេចបាន១០០%ហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ៕

អត្ថបទដែលជាប់ទាក់ទង