ធនាគារវិនិយោគអឺរ៉ុប បញ្ជាក់ជំហរច្បាស់លាស់ ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្ដម Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២, នៅរសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម Kriss Peeters មកកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង EIB, នាពេលកន្លងមក និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ ប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយតួវី៧-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុង ភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ “យុទ្ធសាស្ត្រ” នេះ បាន និង កំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការ តំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិតកម្ម ក៏ដូចជាដើម្បីកសាង ភាពធន់ដ៍រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រី ក៍បានថ្លែង អំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយះកិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន ហើយស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយះការចូលរួមជាឥណ ទានសម្បទាន, ហិរញ្ញប្បទានឥតសំណង, និងការគាំទ្រជំនួយបច្ចេកទេសនានា ជាដើម ។
ឯកឧត្តម Kriss Peeters ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ ប្រទេសកម្ពុជា និងការស្វាគមន៍ដ៍កក់ក្ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានជម្រាបជូនថា EIB បានដាក់សម្ភោធជាផ្លូវ ការនូវការិយាល័យប្រចាំតំបន់របស់ខ្លួន នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ ហើយ EIB បានត្រៀមរួច ជាស្រេចក្នុងការពង្រឹងសហប្រតិបត្តិការកម្រិតតំបន់ ជាពិសេស ជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ។ ឯកឧត្តមក៍បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី ៤០ និង ៤១ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបនឹងអញ្ជើញចូល រួមកិច្ចប្រជុំនេះផងដែរ ។
ជាកិច្ចបញ្ចប់ឯកឧត្តមអគ្គបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ច សហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ EIB ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម Kriss Peeters មកកម្ពុជា ជាសក្ខីភាពនៃជំហរច្បាស់លាស់របស់ EIB ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ។