សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឲ្យសមស្របស្ថានការណ៍ជាក់ស្តែង
ឡាវ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមិវិហាន ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្ត រាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នា នាពេលកន្លងមក។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នាឲ្យមន្រ្តីជំនាញពិនិត្យសិក្សាថាត្រូវធ្វើ ការកែសម្រួលកិច្ចព្រមព្រៀមចាស់ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តងដើម្បីឲ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវបានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាឡាវក្នុងឱកាសសម្តេចប្រធានរដ្ឋសភា បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។
ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថានឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឲ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិតរួមទំាងថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរផងដែរ។ ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៍បានសន្យាបន្តថែរក្សា សាមគ្គីជាប្រពៃណីនិងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា ផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជាឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើងនិងបានសូមឲ្យរដ្ឋសភាកម្ពុជាបន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ឯកឧត្តមប្រធានរដ្ឋសភា និងបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។
សម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជាមានមោទកភាព ដោយបានសង្កេតឃើញពីការរីកចម្រើនឥតឈប់ឈ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ រហូតឈានទៅសម្រេចបាននូវការលើកកម្ពស់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ២០១៩ កន្លងទៅ។
សូមជម្រាបថាឆ្លើយតបការគោរពអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់រដ្ឋសភាឡាវមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តនៅកម្ពុជា នាខែវិច្ឆិកាខាងមុខ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕