ចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឃាតកម្មទៅ លើក្មេងប្រុសអាយុ ១០ឆ្នាំ នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា វេលាម៉ោង១រសៀល កម្លាំងសមត្ថកិច្ចបានទទួលដំណឹងអំពីករណីរកឃើញសាកសពរបស់ក្មេងប្រុសម្នាកនៅក្នុងឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ការស្លាប់នេះត្រូវបានរាយការណ៍ថាជាករណីអត្តឃាត។
អង្គភាពការពារកុមារបានទទួលដំណឹងអំពីករណីនេះ។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចូលរួមក្នុងការស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ការពិនិត្យកោសល្យវិច័យទៅលើសាកសពបានបំភ្លឺថា ស្ថានភាពជុំវិញការស្លាប់របស់ក្មេងប្រុសគឺគួរអោយសង្ស័យ និងអាចជាអំពើឃាតកម្ម។ បុគ្គល និងសាក្សីមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំ។
នៅថ្ងៃទី១៤ ខែកញ្ញា នៅវេលាម៉ោង៤ល្ងាច បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅធ្វើការសួរចម្លើយបំភ្លឺអំពីការស្លាប់នេះ។ នៅពេលដែលប្រឈមជាមួយនភស្តុតាងបច្ចេកទេសជាច្រើនដែលមន្ត្រីជំនាញបានលើកឡើង បុរសនេះបានសារភាពអំពីសកម្មភាពសម្លាប់ទៅលើក្មេងប្រុសរងគ្រោះ។ បុរសនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន។