ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃទី១៥កញ្ញានេះ គ្រូបង្វឹកកីឡាករ កីឡាការិនី១៦១រូប ចេញទៅហាត់នៅស្រុកចិនហើយ

135

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានធ្វើដំណើរចាកចេញពីមាតុភូមិឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីបោះជំរំហ្វឹកហាត់រយៈពេលវែង ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការចេញទៅហ្វឹកហាត់នេះធ្វើឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

កីឡាករ កីឡាការិនីទាំងអស់ ត្រូវហ្វឹកហាត់ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាបើសិនគ្មានការប្រែ
ប្រួលនោះទេពួកគេនឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀតរហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។
មុនចាកចេញពីមាតុភូមិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរកាលពីថ្ងៃទី១៣ខែកញ្ញាកន្លងទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានរៀបចំកម្មវិធីជួបសំណេះសំណាល និងជូនដំណើរ ដល់ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានផ្ដាំផ្ញើប្រតិភូ គ្រូ និងកីឡាករ កីឡាការិនី មុនចេញដំណើរថា ត្រូវយកចិត្តទុកដាក់បំផុតនិងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្លួន ឲ្យទទួលបានសិទ្ធផល និងគុណផលកម្រិតខ្ពស់ សម្រាប់ត្រៀមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។ លើសពីនេះ ក៏ត្រូវគោរពឲ្យបាននូវវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បីរក្សានូវកិត្តិយសជាតិ ជាពិសេសដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែង និងរឹងមាំបន្ដទៀត រវាងកម្ពុជា-ចិន។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ការហ្វឹកហាត់ជារឿងធម្មតារបស់យើង តែត្រូវធ្វើរឿងធម្មតានេះឲ្យក្លាយទៅជារឿងអស្ចារ្យសម្រាប់ជោគជ័យនៃជីវិតរបស់យើងនៅ
ក្នុងអាជីពជាកីឡាករកីឡាការិនីជម្រើសជាតិហើយការទៅហ្វឹកហាត់លើនេះគឺក្នុងនាមជាតិ
ទាំងមូលក្រោមកិច្ចសហប្រតិបត្តិការក្នុងកម្រិតរាជរដ្ឋាភិបាលនិងរដ្ឋាភិបាល។ដូច្នេះយើងទាំងអស់គ្នា ត្រូវគោរពវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បីរក្សានូវកិត្តិយសនេះឲ្យប្រទេសទាំងពីរ និងឆ្ពោះទៅរកជោគជ័យនាឆ្នាំ២០២៣។

គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា ដែលចេញទៅហាត់នៅចិនថ្ងៃនេះ គឺមានប្រតិភូ ២នាក់ ព្រមទាំងគ្រូ និងកីឡាករ កីឡាការិនី ១៥៩នាក់ ដែលមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងកីឡាបាល់ទះ (១៥នាក់)៕

អត្ថបទដែលជាប់ទាក់ទង