ខ្នាន់កាំភ្លើងវាយប្រហារ លើក្បួនរថយន្តរបស់ សមាជិកព្រឹទ្ធសភានីហ្សេរីយ៉ា ស្លាប់ក្រុមជំនួយការចំនួន ០៥នាក់
បរទេស ៖ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់លោក Ifeanyi Ubah ដែលជាសមាជិកព្រឹទ្ធសភាបាននិយាយថា កាលពីល្ងាចថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ្សេរីយ៉ាបានសម្លាប់ក្រុមជំនួយការចំនួន ០៥នាក់ និងបុគ្គលិកសន្តិសុខ ០១នាក់ អំឡុងពេលការវាយប្រហារទៅលើក្បួនរថយន្តរបស់សមាជិកព្រឹទ្ធសភានីហ្សេរីយ៉ាក្នុងរដ្ឋ Anambra ដែលស្ថិតនៅភាគអាគ្នេយ៍ ។
អ្នកនាំពាក្យលោក Kameh Ogbonna បានប្រាប់អ្នកយកសារព័ត៌មានរ៉យទ័រថា ក្បួនរថយន្តរបស់ សមាជិកព្រឹទ្ធសភាលោក Ifeanyi Ubah ត្រូវបានវាយប្រហារនៅទីប្រជុំជន Enugwu-Ukwu ដែលជា សហគមន៍មួយក្នុងតំបន់ Njikoka ដែលជាតំបន់រដ្ឋាភិបាលនៃរដ្ឋ Anambra ប៉ុន្តែលោក Ubah បានគេចខ្លួនដោយមិនមានរងរបួស ដោយសារលោកបានកំពុងធ្វើដំណើរនៅក្នុងរថយន្តការពារគ្រាប់កាំភ្លើង។
លោក Ogbonna បាននិយាយថា លោកបានស្ថិតនៅក្នុងរថយន្តជាមួយលោក Ubah នៅពេលនៃការវាយប្រហារនោះ ដែលលោកបានពិពណ៌នាថា នោះជាការប៉ុនប៉ងធ្វើឃាត។
នគរបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតចំពោះឧបទ្ធវហេតុនេះ ហើយនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលក្រោយ ៕