ស្នើឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ការបរិភោគចំណីអាហារ និងពិសាស្រា ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អូត រាក និងការពិសាស្រា និងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។
ក្នុងប្រកាសរបស់ក្រសួងសុខាភិបាល លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគ រហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តអនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់ ។ ខ្ញុំចង់លើកទឹកចិត្ត គ្រប់គ្នាឲ្យអនុវត្តនូវការប្រុងប្រយ័ត្ន ក៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ។
ការពុលចំណីអាហារភាគច្រើន បណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ រោគសញ្ញាដែលបណ្តាលឲ្យពុលចំណីអាហារ មានដូចជា ក្អូត ចង្អោរ រាក រាកមូល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមានរោគសញ្ញា ដូចជា ឈឺក្បាល ក្អូត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសាធារណជន ទូទៅអនុវត្តតាមដំបុន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមក្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នា ជួបនូវសុខភាពល្អ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ៕