ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួនជិត១ម៉ឺនប្រាំពាន់នាក់ ដែលបាននឹងកំពុងបំរើការងារ ជូនប្រជាពលរដ្ឋនៅភ្នំពេញ

112

 

ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោកកើត ឆែបានបញ្ជាក់អោយដឹងថា មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួនជិត១ម៉ឺនប្រាំពាន់នាក់ ដែលបាននឹងកំពុងបំរើការងារ ជូនប្រជាពលរដ្ឋនៅភ្នំពេញ ។ ដូច្នេះទេលោកស្នើអោយមន្ត្រីយើងទាំងអស់ត្រូវយល់ដឹងអោយបានច្បាស់ពីព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាននានា ដើម្បីយកទៅបំពេញការងារអោយបានល្អ ជៀសវាង មានបញ្ហាប្រឈមជាមួយច្បាប់។

   ការបញ្ជាក់របស់លោកកើត ឆែ បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ កញ្ញា ២០១៨ ក្នុងសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០អនក្រ .បក សេចក្តីណែនាំលេខ៧៨៨ មស .សណន សេចក្តីណែនាំលេខ៧៨៩ មស .សណន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនមន្ត្រីរាជការស៊ីវិល ដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកថោ សេដ្ឋាណា អនុរដ្ឋលេខាធិការនៃក្រសូងមុខងារសាធារណៈនិងមានការចូលរួមពីមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០០នាក់ ។

  លោកកើត ឆែ បានមានប្រសាសន៍ថា មន្ត្រីរដ្ឋបាលសាធារណៈនិងសេវាសាធារណៈ មានភាពផ្សារភ្ជាប់មិនដាច់ មានប្រសិទ្ធផលដោយផ្ទាល់ជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថេរភាព ចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ 

   លោកបន្តថា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈនេះ មានយុទ្ធសាស្ត្រសំខាន់ៗ ៣  ក្នុងនោះ ទី១ ពង្រឹងប្រសិទ្ធភាព គុណភាពនៃសេវាសាធារណៈ ទី២ ការអភិវឌ្ឍសមត្ថិភាព ការកែលំអរ ការគ្រប់គ្រងធនធានមនុស្ស និងទី៣ ការកែទម្រង់ប្រព័ន្ធបៀវត្តនិងប្រាក់ឧបត្ថមផ្សេងៗ ។ ដើម្បីសម្រេចអោយបាននូវគោលដៅនេះ លោកកើត ឆែក៏បានស្នើអោយមន្ត្រីទាំងអស់ត្រូវយល់ដឹងអោយបានច្បាស់ពីព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាននានា ដើម្បីយកទៅបំពេញការងារអោយបានល្អ ជៀសវាង មានបញ្ហាប្រឈមជាមួយច្បាប់។

    លោកថោ សេដ្ឋាណា អនុរដ្ឋលេខាធិការនៃក្រសូងមុខងារសាធារណៈ បានមានប្រសាសន៍លើកឡើងថា    សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០អនក្រ .បក  ស្តីពីប្រតិភូកម្មពីថ្នាក់ជាតិមកអោយរដ្ឋបាលរាជធានី នេះជាលើកទី១១ ដែលយើងបានផ្សព្វផ្សាយ ។ សិក្ខាសាលានេះ ពិតជាមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងបុគ្គលិក ការបញ្ជប់ តែងតាំងមុខងារដល់មន្ត្រី ។

    លោកបន្តថា ដូចលោកកើត ឆែបានបញ្ជាក់ហើយថា មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួន១៤៧៤២នាក់ ចំនួននេះមិនច្រើនទេ ដោយមានរហូតដល់ចំនួន១២ខណ្ឌនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីជាច្រើនទៀតនោះ។ លោកបញ្ជាក់ថា សម្រាប់អភិបាលរាជធានីភ្នំពេញ លោកមានសិទ្ធិក្នុងការចាត់ចែងមន្ត្រី ចាប់ពីប្រធានមន្ទីរ ដោយលោកអាចលើជាសំណើរ សហការជាមូយរដ្ឋមន្ត្រី ហើយការសំរេចចុងក្រោយគឺរដ្ឋមន្ត្រីសាមី។ ចំពោះអនុប្រធានមន្ទីរវិញ ធ្វើឡើងតាមសំណើររបស់ប្រធានមន្ទីរ ដែលមានកិច្ចប្រជុំក្នុងគណៈដឹកនាំរបស់មន្ទីររបស់ខ្លួន និងលោកអភិបាលជាអ្នកសំរេច៕

អត្ថបទដែលជាប់ទាក់ទង