កងទ័ពប្រទេស កម្ពុជា វៀតណាម ឡាវ ត្រូវធ្វើជាបង្គោលដ៏រឹងមាំរួមគ្នាការពារពូនជ្រុំនៅចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីដែលមានតម្លៃបំផុត
ឡាវ ៖ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច
ប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ។ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅប្រទេសឡាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារជាតិឡាវក្នុងទីក្រុងវៀងចន្ទ័ ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងការពារជាតិឡាវមានការចូលរួមពី នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និង ក្រសួងការពារជាតិវៀតណាម មានការចូលរួមពី នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។
ថ្លែងបើកកិច្ចប្រជុំ នាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នាពេលនេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណីដែលថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំង ៣ បានបង្កើតឡើង ហើយ បក្ស រដ្ឋ កងទ័ព និង ប្រជាជន នៃប្រទេសយើងទាំង ៣ បាននាំគ្នាថែរក្សា និងពង្រីកអោយរីកលូតលាស់ជារហូតមក ។ ឯកឧត្តម បញ្ជាក់ថា៖ ឡាវ វៀតណាម និងកម្ពុជា ជាប្រទេស ៣ ដែលមានព្រំដែនជាប់គ្នា។ ជាប្រទេស ៣ ដែលធ្លាប់ស្ថិតនៅជោគវាសនាតែមួយធ្លាប់មានប្រពៃណីសាមគ្គីជួយគ្នាទៅវិញ
ទៅមកដូចបងប្អូនធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា។ ប្រជាជននៃប្រទេសទាំង ៣ ធ្លាប់ តស៊ូស្មាកៀកស្មើគ្នាប្រឆាំងចក្រពត្តិបរទេសឈ្លានពានតែមួយ ដូច្នេះទោះបីស្ថិតនៅក្នុងសភាពការណ៍លក្ខខណ្ឌណា ក៏ដូច
ជាដំណាក់កាលណាក៏ដោយ យើងនឹងមិនអាចបំបែកពីគ្នាបានឡើយ។ ដូចនេះកងទ័ពយើងទាំង ៣ ត្រូវធ្វើជាបង្គោលដ៏រឹងមាំរួមគ្នាការពារពូនជ្រុំនៅចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីដែលមានតម្លៃបំផុតរវាងប្រទេស និងកងទ័ពយើងទាំង ៣ ឡាវ វៀតណាម កម្ពុជាឲ្យមានការកាន់តែពង្រឹងពង្រីកឱ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ឡើងឥតឈប់
ឈរដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង ៣ ក៏ដូចជាជីវភាពរស់នៅដ៏ល្អរបស់ប្រជាជននៃប្រទេសនីមួយៗ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសង្កត់ធ្ងន់ថា៖ យើងត្រូវតែនាំគ្នាធ្វើឲ្យខ្សែព្រំដែននៃប្រទេសយើងទាំង ៣ អោយក្លាយទៅជាព្រំដែននៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍពិតប្រាកដលើស្មារតីនៃសាមគ្គីភាពរបស់ប្រទេស និងកងទ័ពយើងទាំង ៣ ប្រទេស ។
ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេស ៣ ប្រទេស នាពេលនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបញ្ជាក់សារជាថ្មី អំពីការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណី ជាអ្នកជិតខាងល្អនិងផ្តល់ផលប្រយោជន៍ទៅវិញទៅ
មករវាងប្រទេស និងប្រជាជនយើងទាំងអស់គ្នា។ លើសពីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង៣. មិនត្រឹមតែបង្ហាញច្បាស់ពីសារសំខាន់យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការវិស័យ យោធាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន ផងដែរ ពិសេសការកាត់បន្ថយគម្លាតអភិវឌ្ឍក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនយើង។
សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែថា៖ជាការពិត នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្រសួងការពារប្រទេសទាំង៣ យើងសម្រេចបាននូវ សមិទ្ធផលជាច្រើន ក្នុងការកសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាពជាប្រពៃណី និងការពង្រឹងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពដើម្បីធានានូវអនាគតតំបន់មួយ ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាក់ស្តែងនៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ទោះបីមានការរីករាលដាលនៃជំងឺ កូវី-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសយើងទាំងបីនៅ
តែបន្តសហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី បានលើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិ។ នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទាំង ៣ប្រទេស កម្ពុជា វៀតណាម ឡាវ បានពិភាក្សាគ្នាអំពីការបរិច្ឆេទពេលវេលា និង ទីកន្លែងដែលត្រូវរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នៅឆ្នាំក្រោយ ពិភាក្សាអំពីការធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេសបន្តទៀតពិភាក្សាអំពីការទប់
ស្កាត់បទល្មើសឆ្លងដែន និងការផ្លាស់ប្តូរសិល្បៈកងទ័ពប្រទេសទាំង ៣ ផងដែរ ៕