រដ្ឋាភិបាលចិន តែងតែផ្តល់អាទិភាព ខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង, ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០ >> នៅថ្ងៃ ១៦-១៩ ខែ កញ្ញា ឆ្នាំ ២០២២ (រយៈពេល ៥ នាទី តាមរយៈប្រព័ន្ធវីដេអូ ថតទុកជាមុន)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជាការពិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និង ចិន សម្រេចបាននូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ចាប់តាំងពីការចុះហត្ថលេខា លើក្របខណ្ឌកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និង ចិន ក្នុងឆ្នាំ ២០០២ និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា ជាបន្តបន្ទាប់ ។
ក្នុងស្មារតីនេះ ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្តួចផ្តើម ស្តីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់ បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការ បង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) { ខ្ញុំជឿជាក់ថា ការចាប់ផ្តើមអនុវត្ត អាសិបក្នុងឆ្នាំនេះ ក្រៅពីការបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ ជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ ក៏បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ ដល់ការលូតលាស់វិស័យខាងលើនេះផងដែរ ជាពិសេស នឹងក្លាយជា “ក្របខណ្ឌស្នួល» សម្រាប់ ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ ។
សម្រាប់កម្ពុជា ជាមួយនឹងការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ » រាជរដ្ឋាភិបាល បានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្ម ទាំងអស់ ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ ២០២១ មក ។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យ អនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ «ច្បាប់ស្តីពីវិនិយោគថ្មី» “ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥» និង «ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្តល់អាទិភាព ខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ ឆ្នាំ ២០២២ កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ាន ជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ ៕