ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារនិងខុនដូ ត្រូវតែ គូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូបដែលចូលស្នាក់នៅ

124

ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារនិងខុនដូទាំងអស់ នៅក្នុងរាជធានីភ្នំពេញត្រូវតែគូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។
ការណែនាំបែបនេះរបស់លោកហួត ហៃបានធ្វើឡើងនារសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២នេះ ខណៈលោក,លោកសុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីអំពីការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ ៣០០នាក់ នៅសាលារាជនីភ្នំពេញ។
លោកហួត ហៃបានមានប្រសាសន៍លើកឡើងថា ៖ការអញ្ជើញបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកនេះ គឺរដ្ឋបាលរាជធានីភ្នំពេញមានគោលបំណងណែនាំឲ្យបងប្អូន អនុវត្តឲ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន។ និយាយជារួមគឺឲ្យបងប្អូនយកចិត្តទុកដាក់ ចំពោះភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារនិងខុនដូរបស់ខ្លួន
ឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដោយសារថា កន្លងមកនេះ អ្នកដែលបានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ ។ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ត្រូវតែ គូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស ។តែបើបទល្មើសផ្សេងៗកើតមានឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែលអាចអោយយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន។
បន្ថែមពីនេះ លោកហួត ហៃ ក៏បានជម្រុញអោយម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាត្តិ សូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនអោយបានត្រឹមត្រូវ តាមរយៈច្រក ចេញ ចូលតែ១នៅថ្នាក់ខណ្ឌនិងអង្គភាពច្រក ចេញ ចូលតែមួយនៅថ្នាក់រាជធានី។
បើយោងតាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិគឺ៖
ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុ នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៏ រាជធានី ខេត្ត ដូចខាងក្រោម៖
១ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្លាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគល្ហុងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានា សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
២ត្រូវបន្តជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបាន ការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាប ជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែល បានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៤. ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក នានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និង ត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា៕

អត្ថបទដែលជាប់ទាក់ទង